• វគ្គ​ជម្រុះ FIFA World Cup ២០២២ ទ្វីប​អាស៊ី​លើក​ទៅ​ខែ​តុលានិង​ខែ​វិច្ឆិកា​ព្រោះ COVID-19

    ​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ីហៅ​កាត់​ថា (PSSI) បាន​ចេញ​ផ្សាយ​ព័ត៌មាន​ផ្លូវការ​មួយ អំពី​ការសម្រេច​លើក​កាលបរិច្ឆេទ​នៃ​វគ្គ​ជម្រុះ FIFA World Cup ២០២២ តំបន់​អាស៊ី បន្ទាប់ពី​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី (AFC) បាន​ប្រកាស​សេចក្ដី​សម្រេច​ផ្លូវការ ដោយសារ​ការ​ព្រួយ​បារម្ភ​ពី​ការ​រីក​រាលដាល​វីរុស​ផ្លូវ​ដង្ហើម​ថ្មីឬ COVID-19​។​

    តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ការប្រកួត​ជម្រុះ FIFA World Cup ២០២២ វគ្គ​ជម្រុះ​ទ្វីប​អាស៊ីដែល​គ្រោង​ប្រកួត​នៅ​ខែ​មីនា​នេះ នឹង​លើក​ទៅកាន់​ខែ​តុលា ខណៈ​ដែល​ការប្រកួត​នា​ខែ​មិថុនា នឹង​ត្រូវ​លើក​ទៅ​ប្រកួត​នៅ​ខែ​វិច្ឆិកា​ខាងមុខ​វិញ​។ ​

    បើ​តាម​សេចក្តី​ប្រកាស​នេះ កម្ពុជា​ក៏​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ពី​ការ​លើក​កាលបរិច្ឆេទ​ប្រកួត​នេះ​ដែរ ពោល​គឺ ៣​ប្រកួត​ចុងក្រោយ​របស់​កម្ពុជា នឹង​ត្រូវ​លើក​ពេល​ទាំងអស់ ដោយ​ការប្រកួត​ទល់នឹង​ក្រុម​ជម្រើស​ជាតិ​បា​រ៉ែ​នក្រៅ​ដី​នា​ថ្ងៃ​ទី​២៦ ខែ​មីនា នឹង​ត្រូវ​លើក​ទៅ​ថ្ងៃ​ទី​០៨ ខែ​តុលាការប្រកួត​ទល់នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកនឹង​ត្រូវ​លើក​ទៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ខណៈ​ដែល​ការប្រកួត​ចុងក្រោយ​​ត្រូវ​ប៉ះ​ក្រុម​អ៊ីរ៉ា​ក់នៅ​ថ្ងៃ​ទី​០៤ ខែ​មិថុនា នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ២០២០ ជំនួស​វិញ​៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT