​អស្ចារ្យ !​ Sam-A ​ ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​​ពេល​​ឈ្នះ​ខ្សែ​ក្រវាត់​ World Title

វីរបុរស​ Sam-A Gaiyanghadao ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​កាល​ថ្ងៃ​សុក្រ​ទី​ ២៨ ​​កុម្ភៈ​ ​ពេល​​គ្រង​ខ្សែ​ក្រវាត់​​​ទី​២​ ONE Strawweight Muay Thai World Champion ​​ដែល​គេ​ដាក់​សម្ពោធ​ឲ្យ​ដណ្ដើម​លើក​ដំបូង។ ​ ​កីឡាករ​ជើងចាស់​​ថៃ​រូប​នេះ​បង្ហាញ​ក្បាច់​ដ៏​អស្ចារ្យ​​​​ពេល​យក​ឈ្នះ​​ Rocky Ogden

​វីរបុរស​របស់​ថៃ​ពិត​ជា​​ល្អ​ខ្លាំង​ណាស់​​​ដោយ​អាច​​​​បំបាក់​​យុវជន​ពេញ​កម្លាំង​មក​ពី​អូស្ត្រាលី​​ក្នុង​នាម​ជា​គូ​​​​ឯក​រង​នៅ​ក្នុង​កម្មវិធី​ ONE:​ KING OF THE JUNGLE ​​នា​​សង្វៀន​ Singapore Indoor Stadium ​នៅ​​ប្រទេស​សិង្ហបុរី។ ​

Ogden ​​ចាប់​ផ្ដើម​​ការ​ប្រកួត​ដោយ​ភាព​គឃ្លើន​ ប៉ុន្តែ​ Sam-A ​បាន​​តបត​វិញ​ដោយ​ការ​ប្រើ​កែង​​យ៉ាង​ធ្ងន់​ៗ។​ ​ជា​មួយ​គ្នា​នោះ​ Sam-A ​ក៏​បាន​​ទាត់​លឿនៗ​ចំ​ដង​ខ្លួន​ទៀត​ផង​ពេល​គូ​ប្រជែង​ចូល​មក​​ចម្ងាយ​ជិត។ ​យុវជន​អូស្ត្រាលី​ធ្វើ​បាន​ល្អ​នៅ​ទឹក​ទី២ ​​​ពេល​រូប​គេ​​វ៉ៃ​ចេញ​កម្លាំង​ដៃ​ខ្លាំងៗ​ ប៉ុន្តែ Sam-A ​ក៏​មិន​រាថយ​ដែរ។ ​​កីឡាករ​ខ្មែរ​សុរិន្ទ​មក​ពី​ក្លិប​ Evolve ​​ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​​តែង​តែ​ទាត់​ជើង​ពេល​គូ​បដិបក្ខ​ចូល​មក​ក្បែរ។ ​ Sam-A ​បាន​បញ្ចេញ​​ក្បាច់​បន្តបន្ទាប់​​ដោយ​ការ​ចាប់​អុក ​ក៏​ដូច​ជា​ការ​ទាត់​ខ្ពស់ៗ​ទៅ​កាន់​ក្បាល​របស់​ Ogden ផង​ដែរ។

Sam-A ​​នៅ​តែ​បន្ត​វាយ​បក​វិញ​បាន​ល្អ​ពេល​​​យុវជន​វ័យ​ក្មេង​​​ហ៊ាន​ឈាន​ជើង​ដើរ​ចូល​​សំដៅ​មក​រក​ខ្លួន។ ​មុន​ពេល​បញ្ចប់​ទឹក​ទី២ Sam-A អាច​វ៉ៃ​ចេញ​ទាំង​ព្រម​​ពោល​ដៃ​ផង​ជើង​​​ផង​រួម​ទាំង​​ការ​ទាត់​ជើង​ក្រោយ​ វ៉ៃ​កែង​ និង អុក​ជង្គង់​បាន​ល្អ។

​បុរស​មក​ពី​បុរីរ៉ាំ​ ​កាន់តែ​កើន​កម្ដៅ​​នៅ​ទឹក​ទី៣​​ដោយ​ឈរ​វ៉ៃ​នៅ​កណ្ដាល​​​រេញ​តែ​ម្ដង​ និង​​ទាត់​​ចេញ​​រន្ទះ​ជើង​​លើ​កីឡាករ​មក​ពី​ក្លិប​ Boonchu Gym ​យ៉ាង​សន្ធឹក​សន្ទាប់។ ​នៅ​ទឹក​បន្ទាប់ ​​Ogden ​លែង​សូវ​ហ៊ាន​ខ្លាំង​ដូច​លើក​មុន​ ប៉ុន្តែ​បែរ​ជា​​​តបត​​មួយ​​ៗ​វិញ​ បូក​រួម​ទាំង​ការ​ចាប់​ និង​ការ​ទាត់​​ចំ​ដង​​ខ្លួន ​​ហើយ​ក៏​បម្លាស់ទី​រក​ចំណុច​សំខាន់​​ដាក់​កីឡាករ​ថៃ​ដែរ។

នៅ​​ទឹក​ចុង​ក្រោយ​ ​Ogden ​​បាន​ដឹង​ថា​ត្រូវ​តែ​សម្រុក​ដើម្បី​យក​ឈ្នះ និង​បាន​ស្វែង​រក​​ការ​វ៉ៃ​ចេញ​កណ្ដាប់​ដៃ​ស្ដាំ។ ​ប៉ុន្តែ​ការប៉ុនប៉ង​នោះ​ត្រូវ​បាន​ Sam-A ​វាយ​ឆ្មក់​ចូល​មុខ ​និង​ ងាក​រក​ចន្លោះ​ប្រហោង​ស៊ក​ចំ​គោល​ដៃ​បាន​ល្អ​ទៅ​វិញ។ ​បន្ទាប់​ការ​​ប្រកួត​​៥​ទឹក​​ដ៏​រំភើប ​ចៅ​ក្រម​មិន​អល់អែក​សម្រាប់​​ការ​ដាក់​ពិន្ទុ​ឲ្យ​ Sam-A ​នោះ​ឡើយ។​ Sam-A ឈ្នះ​ Ogden ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ និង​ឈ្នះ​ខ្សែ​ក្រវាត់ ​ONE Strawweight Muay Thai World Champion ​បន្ថែម​ពី​លើ​ខ្សែ​ក្រវាត់​ ​ ONE Strawweight Kickboxing World Championship ដែល​កំពុង​កាន់​ក្នុង​ដៃ​ស្រាប់។ ​ដូច្នេះ​ Sam-A ​​ក្លាយ​ជា​កីឡាករ​ប្រវត្តិសាស្ត្រ​​ល្អ​បំផុត​របស់ ONE Championship ​ដែល​​អាច​កាន់​ខ្សែ​ក្រវាត់​ពីរ​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេងគ្នា៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT