ក្លិប​បឹង​កេតបញ្ជាក់អំពី​ស្ថានភាពរបួសផ្លូវការរបស់ ម៉ាត់ ណូរុន

តាម​ការ​បញ្ជាក់​របស់​ក្លិប​ជើង​ឯកលីគកំពូល​កម្ពុជា៣សម័យកាល​បឹង​កេត បាន​ឲ្យ​ដឹង​ថា​ខ្សែ​ប្រយុទ្ធលេខ១០ ម៉ាត់ ណូរុន នឹង​ត្រូវ​អវត្តមាន​លើ​ទីលាន​២​សប្ដាហ៍​ដោយ​សារ​របួស​ជង្គង់​ហើយ​ក្លិប​បញ្ជាក់ថា​របួស​នេះ​មិន​សូវ​ធ្ងន់ធ្ងរនោះ​ទេ។

ក្នុងការប្រកួតសប្តាហ៍ទី ៣ នៃលីគកំពូលកម្ពុជា រវាងក្លិបបឹងកេត ទល់នឹងណាហ្គាវើលដ៍ វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានខេមបូឌា អ៊ែវ៉េ កាលពីថ្ងៃទី ២៩ ខែកុម្ភៈកន្លងទៅ កីឡាករ ម៉ាត់ នូរុណ បានទទួលរងរបួសបន្ទាប់ពីប៉ះទង្គិចជាមួយគូប្រកួត ជាហេតុបណ្តាលឱ្យរូបគេត្រូវប្តូរចេញភ្លាមដោយ​លេងបាន​ត្រឹម​ជាង​១០​នាទី។

ក្លិបបាន​បញ្ជាក់ក្នុង​វេបសាយផ្លូវការរបស់ខ្លួនថា៖” ក្រោយការតាមដានអាការៈជំងឺ ពីក្រុមគ្រូពេទ្យប្រចាំក្លិបបានធ្វើការពិនិត្យឃើញថា នូរុណ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ ដោយ គ្រាន់តែឈឺសន្លាក់ ជង្គង់ ឆ្វេងរបស់ខ្លួន ដែលបានប៉ះទង្គិចប៉ុណ្ណោះ ហើយនឹងជាសះស្បើយវិញក្នុងរយៈពេល ២សប្តាហ៍ទៀត”។

គួរឱ្យដឹងថា ម៉ាត់ នូរុណ បង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ៣ប្រកួតកន្លងមកឱ្យបឹងកេត និងរកគ្រាប់បាល់ បាន១គ្រាប់ក្នុងជំនួប ១-១ ជាមួយអង្គរថាយហ្គឺរ កាលពីសប្តាហ៍ទី១កន្លងទៅ ៕

ប្រភពនិងរូបភាព៖ក្លិប​បឹងកេត

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT