Haaland និយាយ​មួយ​ម៉ាត់​យ៉ាង​ខ្លី ឆ្លើយតប​រឿង Real Madrid ចង់​បាន​ខ្លួន

Erling Haaland ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នា​រដូវ​កាល ២០១៩/២០ មិន​ថា​តែ​គ្រា​លេង​នៅ​ក្លឹប​ចាស់ Salzburg រហូត​មក​ទល់​ពេល​លេង​ឲ្យ Dortmund នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​កំពុង​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ខ្វារ​ក​ចង់​បាន​រូប​គេ។

ក្នុង​នោះ​មិន​ត្រឹម​តែ Real Madrid មួយ​នោះ​ទេ ទៀត​សោត​សូម្បី​តែ PSG, Man Utd និង Juventus ជា​ដើម​ក៏​សុទ្ធ​សឹង​សម្លឹង​ឃើញ​យុវជន​ន័រវែស​រូប​នេះ​ដូច​គ្នា ព្រោះ​តម្លៃ​ខ្លួន​របស់​គេ​ទាប​តែ​សមត្ថភាព​ខ្លាំង​មិន​ចាញ់​កីឡាករ​រយ​លាន។

Haaland ថ្មីៗ​នេះ​ក៏​ត្រូវ​បាន​គេ​ចោទ​សួរ​ជុំវិញ​ព័ត៌មាន​ដែល Real Madrid ចង់​បាន ហើយ​ស្រាប់​តែ​កីឡាករ​​វ័យ ១៩ ឆ្នាំ​បាន​ប្រាប់​ទៅ​កាន់ FourFourTwo ថា៖ “វា​តែងតែ​ជា​រឿង​ល្អ​ដែល​ក្លឹប​ធំៗ​ចាប់​អារម្មណ៍​លើ​យើង ព្រោះ​មាន​ន័យ​ថា​យើង​កំពុង​ធ្វើ​បាន​ល្អ​ហើយ”។ (ជា​ចម្លើយ​ដែល​មិន​បញ្ជាក់​ថា​ខ្លួន​មាន​បំណង​ចង់​ចាកចេញ​ឬ​អត់​ឡើយ)។

រំឭក​ថា​គិត​ត្រឹម​ប្រកួត​ទី ៧ ឲ្យ Dortmund កីឡាករ Haaland ​រក​បាន ៩ គ្រាប់​ហើយ ខណៈ​នៅ UEFA Champions League បូក​គ្រាប់​បាល់​ក្លឹប​ចាស់​ថ្មី រូប​គេ​ឈរ​នៅ Top Scorer លេខ ២ បន្ទាប់​ពី Lewandowski៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT