សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានប្រកាសតែងតាំងលោក Luis Enrique ធ្វើជាគ្រូបង្វឹកថ្មី បន្ទាប់ពីក្រុមខ្លាំងមួយនេះធ្វើមិនបានល្អនៅព្រឹត្តិការណ៍ World Cup 2018 មក។
ប្រិយមិត្តប្រហែលជាស្គាល់ច្បាស់ថា Luis Enrique ជាអតីតគ្រូបង្វឹករបស់ក្រុម FC Barcelona ។ ប៉ុន្តែនៅមានរឿងជាច្រើនទៀត ពីបុរសម្នាក់នេះ ដែលបងប្អូនដែលជាមិនទាន់បានដឹងនៅឡើយ៖
១ ជាកីឡាករទី៣លេងឱ្យ Real Madrid ផង និង Barcelona ផង
នៅឆ្នាំ១៩៩៥ Enrique គឺជាកីឡាករម្នាក់រកគ្រាប់បាល់បានក្នុងជ័យជម្នះ Real Madrid ៥-០ Barcelona ។ ក្រោយពីនោះមក នៅឆ្នាំ ១៩៩៦ លោកបានសម្រេចចិត្តចេញពី Real Madrid ដើម្បីទៅចួលរួមជាមួយ Barcelona ។ ការសម្រេចចិត្តទៅនេះ បានធ្វើឱ្យលោកក្លាយជាកីឡាករទី៣ ផ្លាស់ពី Real ទៅ Barca បន្ទាប់ពី Josep Canal និង Lucien Muller។
២ គាត់ត្រូវបានគេហៅថា Ironman
Enrique ពិតជាមនុស្សតស៊ូខ្លាំងណាស់។ លោកធ្លាប់ហែលទឹកជាង៣គីឡូម៉ែត្រ និងជិះកង់បាន១៨០គីឡូម៉ែត្រ ដោយមិនឈប់ម្ដងថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់នេះ ក៏ធ្លាប់ចូលរួមរត់ម៉ារ៉ាតុនផងដែរ។ កត្ដាទាំងអស់នេះហើយ ត្រូវបានគេដាក់ឈ្មោះឱ្យលោក Enrique ថាជា Ironman ។
៣ មូលហេតុដែលលោកតែងតែពាក់វ៉ែនតាខ្មៅ
មូលហេតុដែលលោកតែងតែពាក់វ៉ែនតាខ្មៅ ព្រោះថាភ្នែករបស់លោក Enrique មានបញ្ហា Pterygium (ត្រូវថ្ងៃខ្លាំងមិនបាន)។ ដូច្នេះហើយ ទើបបានជារាល់ពេលហ្វឹកហាត់ក្រោមកម្ដៅថ្ងៃ លោកតែងតែពាក់វ៉ែនតាជានិច្ច។
៤ ជាគ្រូបង្វឹកតានតឹងពេលហ្វឹកហាត់
កាលពីដឹកនាំក្រុម Celta Vigo និង FC Barcelona លោក Enrique តែងតែបំពាក់ Camera នៅកន្លែងហ្វឹកហាត់ជានិច្ច។ ការធ្វើដូច្នេះ គឺដើម្បីមើលកីឡាករគ្រប់គ្នា ថាតើពួកគេមានបញ្ហាអ្វី និងប្រឹងប្រែងហ្វឹកហាត់កម្រិតណា។
៥ ជាកីឡាករជម្រើសជាតិអេស្ប៉ាញ
កាលនៅជាកីឡាករ លោក Enrique លេងនៅតំបន់បម្រើប្រយុទ្ធ។ លោកជាប់ជាជម្រើសជាតិអេស្ប៉ាញ តាំងពីឆ្នាំ១៩៩១ រហូតដល់២០០២។ បង្ហាញខ្លួនបាន៦២ប្រកួត និងរកគ្រាប់បាល់បាន១២គ្រាប់៕