Ronaldo ឆ្លើយតប​បែប​ណា ពាក់ព័ន្ធ​នឹង​ការ​ចង់​បាន​របស់ Beckham ឲ្យ​ទៅ​លេង​នៅ​អាមេរិកជាមួយ Messi

កាល​ពី​ពេល​កន្លង​មក​ធ្លាប់​មាន​ការ​បញ្ជាក់​ពី​ជើង​ចាស់​លោក David Beckham ថា​មាន​បំណង​ចង់​នាំ​យក​ Cristiano Ronaldo និង Lionel Messi ទៅ​ចូលរួម​នៅ​ក្លឹប Inter Miami របស់​ខ្លួន​នា​ថ្ងៃ​អនាគត ពោល​គឺ​ចង់​ឃើញ​អ្នក​ទាំង​ពីរ​បញ្ចប់​អាជីព​ដោយ​អាច​រួម​ជើង​នៅ​ក្លឹប​តែ​មួយ។

ឆ្លើយតប​នឹង​ចចាមអារ៉ាម​នេះ តារា​ឆ្នើម​ពាក់​អាវ​លេខ ៧ ហាក់​មិន​បាន​បង្ហាញ​តម្រុយ​វិជ្ជមាន​អ្វី​ទាល់​តែ​សោះ​ក្នុង​ការ​ផ្លាស់ចេញ ពោល​គឺ​នៅ​តែ​បន្ត​ពេញ​ចិត្ត​ការ​ឈរ​ជើង​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី​ដដែល។

CR7 បាន​និយាយ​ប្រាប់ Sky Sports News ថា៖ “ពេល​នេះ​ខ្ញុំ​កំពុង​រីករាយ ​ព្រោះ​ខ្ញុំ​ស្ថិត​ក្នុង​ក្លឹប​ដែល​ល្អ​ដាច់​គេ​នៅ​អ៊ីតាលី ហើយ​លេង​រួម​ជើង​ជាមួយ​នឹង​កីឡាករ​ល្អៗ ក៏​ដូច​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង​នូវ​ពាន​រង្វាន់​ដែល​យើង​បាន​ឈ្នះ​កាល​ពី​ឆ្នាំ​ទៅ ហើយ​ឆ្នាំ​នេះ​ក៏​ខ្ញុំ​សង្ឃឹម​ថា​អាច​ឈ្នះ​បាន​ដូច​គ្នា”។

បុរស​វ័យ ៣៥ ឆ្នាំ​បន្ថែម៖ “ចំពោះ​ការ​លេង​ជា​លក្ខណៈ​បុគ្គល ​គឺ​ខ្ញុំ​រីករាយ ដោយ​ខ្ញុំ​មក​ Juventus នេះ ដើម្បី​រក​គ្រាប់​បាល់ និង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​អស់​ពី​ខ្លួន”។

គួរ​បញ្ជាក់​ថា​ត្បិត​វ័យ​កាន់​តែ​ចំណាស់​ក៏​ពិត​មែន ប៉ុន្តែ​សព្វថ្ងៃ Cristiano Ronaldo កំពុង​ឈរ​ចំណាត់ថ្នាក់​ Top Scorer លំដាប់​ទី ២ នៅ Serie A ដោយ​រក​បាន ២១ គ្រាប់​នៅ​ចាញ់​តែ Immobile ដែល​មាន ២៧ គ្រាប់៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT