ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក នឹងត្រូវប្រកួតជាមួយក្រុមបារាំង នៅម៉ោង១រំលងអាធ្រាត្រនេះហើយ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup 2018 ។
មុនការប្រកួតខាងលើឈានចូលមកដល់ Eden Hazard កីឡាករសំខាន់ម្នាក់របស់ក្រុមជម្រើសជាតិបែលហ្សិក ជឿជាក់ថា N’Golo Kante គឺជាកីឡាករសំខាន់ម្នាក់សម្រាប់បារាំង បើរូបគេលេងល្អនៅប្រកួតនេះ នោះបែលហ្សិក នឹងមិនងាយយកឈ្នះបារាំងបានឡើយ។ ផ្ទុយទៅវិញ បើ Kante លេងមិនល្អ នោះបារាំងនឹងត្រូវត្រលប់ទៅផ្ទះវិញនៅត្រឹមវគ្គនេះហើយ។
Hazard បាននិយាយបន្ដប្រាប់ទៅ BeIN Sport ថា៖ “គាត់ជាកីឡាករល្អបំផុតក្នុងតំណែងបម្រើការពារ។ ខ្ញុំបានលេងជាមួយគាត់ច្រើនឆ្នាំ ពេលដែលគាត់លេងល្អ នោះអ្នកនឹងមានសង្ឃឹម៩៥%ដើម្បីឈ្នះការប្រកួត។ ត្រលប់មកវិញ ជម្រើសជាតិបារាំង ក៏ដូច្នេះដែរ បើគាត់លេងល្អ នោះយើងនឹងពិបាកក្នុងការយកឈ្នះ”។
Kante វ័យ២៧ឆ្នាំ បានជាប់ជម្រើសជាតិបារាំងនៅឆ្នាំ២០១៦ ពោលគឺក្រោយពីរូបគេបានជួយក្រុម Leicester City លើកពាន English Premier League ។ ក្រោយពីនោះ ក៏បានសម្រេចចិត្តទៅលេងឱ្យក្លឹប Chelsea វិញ ដែលមានវត្តមានរបស់ Hazard នៅទីនោះដែរ។ ក្រោមការដឹកនាំរបស់លោក Conte នារដូវកាលដំបូងរបស់ Kante ក៏បានបន្ដលើកពាន Premier League ទៀត៕ប្រភព៖ DailyMail