Suarez ថា Messi នឹង​ឈរ​ជើង​នៅ Barca ​ដល់​ចប់​អាជីព បើ​ក្លឹប​ធ្វើ​រឿង​មួយ​នេះ​បាន

Luis Suarez ដែល​មិន​អាច​ចូលរួម​ការ​ប្រកួត​ទល់​ក្លឹប Real Madrid នា​ចុង​សប្ដាហ៍​នេះ បាន​និយាយ​ពី​ស្ថានភាព​ខ្លះៗ​របស់ Lionel Messi ទាក់ទិន​នឹង​ថេរវេលា​លេង​របស់​កីឡាករ​អាហ្សង់ទីន​នៅ​ថ្ងៃ​ខាង​មុខ​ជាមួយ​ក្លឹប។

មិត្ត​រួម​ក្រុម​របស់ M10 សញ្ជាតិ​អ៊ុយរុយហ្គាយ​បាន​និយាយ​ថា Messi នឹង​បន្ត​ឈរ​ជើង​នៅ​ក្លឹប​ដល់​រូប​គេ​លេង​លែង​កើត ដរាប​ណា​បើ​ក្លឹប​នៅ​តែ​បន្ត​ស្វះស្វែង​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​លេង​ដែល​មាន​ភាព​ប្រកួតប្រជែង​មួយ។

ប្រាប់​សារព័ត៌មាន RAC1 ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Suarez និយាយ​ថា៖ “Messi គាត់​រីករាយ​ណាស់​ក្នុង​ការ​នៅ​ជាមួយ​ក្លឹប ពោល​ដូច​ជា​ផ្ទះ​របស់​គាត់​អ៊ីចឹង ដោយ​វា​សំខាន់​លើ​ក្លឹប​ទេ ប្រសិន​ក្លឹប​អាច​កសាង​នៅ​ក្រុម​ដែល​មាន​ការ​ប្រកួតប្រជែង​មួយ នោះ Messi នឹង​ឈរ​ជើង​ពេញ​មួយ​ជីវិត​របស់​គាត់​ក៏​ថា​បាន”។

លោក​បន្ត​ថា៖ “Messi គាត់​បាន​និយាយ​អ៊ីចឹង​ដោយ​ខ្លួន​ឯង ដោយ​វា​ធម្មតា​ទេ​ដែល​ក្លឹប​ត្រូវ​ធ្វើ ប្រសិន​ចង់​បាន​កីឡាករ​ល្អ​ដាច់​គេ​ក្នុង​លោក ក្នុង​ប្រវត្តិសាស្រ្ត​របស់​ក្លឹប​បន្ត​នៅ​កម្រិត​បែប​នេះ​ជាមួយ Barcelona ដូច្នោះ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​បន្ត​នៅ​ជាមួយ​ពួក​យើង”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT