គ្រូបង្គោលក្លិប TIFFY ARMY FC ដាក់គោលដៅត្រឹមស្មើជាមួយព្រះខ័នរាជស្វាយរៀង

គ្រូបង្គោលក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ លោក ទេព ឡុងរចនបាននិយាយថា លោកបានដាក់គោលដៅការពារទប់យកស្មើជាមួយក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមការពារដំណែងជើងឯក២០១៩។

គោលដៅចម្បងសម្រាប់សប្តាហ៍ទី៣នេះ ដោយសារក្រុមកងយោធពលខេមរភូមិន្ទ ដែលជាអតីតក្រុមក្រសួងការពារជាតិនឹងត្រូវប៉ះជាមួយក្រុមខ្លាំងប្រចាំលីគកំពូលកម្ពុជា ដូច្នេះលោកបានរៀបចំក្រុមមិនឲ្យក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ស៊ីច្រើនគ្រាប់ ហើយបើទប់បានស្មើជាមួយក្រុមការពារដំណែងជើងឯកមួយនេះ គឺជាមោទនភាពរបស់ក្រុមរបស់លោក។ លោកគិតថា ការប្រកួតប្រជែងពានលីគកំពូលកម្ពុជា គឺជាគោលដៅទី១របស់ព្រះខ័នរាជស្វាយរៀង ដូច្នេះលោកគិតថា ព្រះខ័នរាជស្វាយរៀងនឹងប្រើប្រាស់សមាសភាពកីឡាខ្លាំងៗទាំងអស់មិនទុកជើងសម្រាប់ការប្រកួត AFC Cup ឡើយ។ បច្ចុប្បន្ន ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ មានកីឡាករបរទេស៥នាក់ គឺកីឡាករប្រេស៊ីល, នីហ្សេរីយ៉ា, កាម៉េរូន និងកូរ៉េខាងត្បូងពីរនាក់។

នៅមាន៥ប្រកួតផ្សេងទៀតដែរ សម្រាប់ជំនួបសប្តាហ៍ទី៣ នេះ ដោយមាន៣ប្រកួតសម្រាប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖ អគ្គិសនីកម្ពុជាប៉ះជាមួយយុវជនបាទី អាយុក្រោម១៨ឆ្នាំ, បឹងកេត ប៉ះ ណាហ្គាវើល ខណៈភ្នំពេញក្រោន ដែលកំពុងឈរនៅលើកំពូលតារាងបណ្តោះអាសន្ននឹងត្រូវប៉ះជាមួយក្រុមអាស៊ីអឺរ៉ុបយូណាយធីត។ ចំពោះ២ប្រកួតទៀត នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ គឺជាការជួបគ្នារវាងអង្គរថាយហ្គឺ និងគិរីងវង់សុខសែនជ័យ ខណៈក្រុមជើងឯករង ឆ្នាំចាស់ វិសាខា នឹងត្រូវប្រជែងពិន្ទុបន្ថែមជាមួយសូលទីឡូអង្គរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT