ម្ចាស់​មេដាយ​សំរឹទ្ធ​​ស៊ីហ្គេម​ នៅ ស្រីពៅ ​​​ត្រៀម​​ឡើង​រេញ​​វិញ​​ក្រោយ​ជា​ពី​របួស​

ម្ចាស់​មេដាយ​សំរឹទ្ធ​​ស៊ីហ្គេម​ឆ្នាំ​២០១៩​ នៅ​ ស្រី​ពៅ​ បាន​ត្រលប់​​មក​បង្ហាញ​សកម្មភាព​ហ្វឹកហាត់​​ត្រៀម​ឡើង​​​សង្វៀន​វិញ​នៅ​ដើម​ឆ្នាំ​២០២០​នេះ​ បន្ទាប់​ពី​ជា​ពី​របួស​ជើង​កាល​ប្រកួត​ស៊ីហ្គេម​​​​​​នា​​ខែ​ធ្នូ​កន្លង​ទៅ។ ​​កីឡាការិនី​វ័យ​២៥ ឆ្នាំ​រូប​នេះ​​ចូល​ហ្វឹកហាត់​វិញ​នៅក្លិប​របស់​ខ្លួន​​​​បាន​ប្រហែល​មួយ​ខែ​ហើយ​​​​​ក្នុង​ឆ្នាំ​ថ្មី​នេះ​ក្រោយ​របួស​ជើង​​ស្ដាំ​​អំឡុង​​​ពេល​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា​នៅ​ហ្វីលីពីន។

​មុន​ពេល​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​​​លើ​សង្វៀន ​​កូន​​សិស្ស​​មក​ពី​ក្លិប​តាឡី​ដំរី​មាន​រិទ្ធិ​​បាន​​គូស​បញ្ជាក់​​ថា​ ៖«​​ជើង​ខ្ញុំ​លែង​អី​ហើយ​បង​…​​ខ្ញុំ​អាច​ហាត់​បាន​​ល្អ​ជិត​មួយ​ខែ​ហើយ។ ​ខ្ញុំ​អាច​ទាត់​ និង​ ​ហាត់​ខ្លាំង​បាន​ធម្មតា​វិញ។​ ​​ហើយ​​ខ្ញុំ​​នឹង​ឡើង​សង្វៀន​ដំបូង​​ឆ្នាំ​នេះ​នៅ​ប្រទេស​ថៃ​​ គឺ សង្វៀន​ ​ប៉ុស្តិ៍​លេខ៨​ នា​ដើម​ខែ​មីនា​​ ខាង​មុខ​នេះ»។

នៅ​ ស្រីពៅ ​គឺ ​​ជា​កីឡាការិនី​ដ៏​លេច​ធ្លោ​ម្នាក់​​នៅ​ក្នុង​ស្រុក​នា​ពេល​បច្ចុប្បន្ន​​ហើយ​រូប​គេ​មាន​បទ​ពិសោធន៍​​ទៅ​ប្រកួត​នៅ​ថៃ​ មីយ៉ាន់ម៉ា ​និង ​កម្មវិធី​របស់​ ONE Championship ​ចំនួន​ពីរ​លើក​​ផង​ដែរ។ ​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​សង្វៀន​ ONE ​ពីរ​លើក​កន្លង​មក​​ ​ស្រីពៅ​ ឈ្នះ​ កីឡាការិនី​មាន​បទ​ពិសោធន៍​របស់​ថៃ​ Rika Ishige ​ ដោយ​ពិន្ទុ​​​កាល​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩​​ និង ​ចាញ់​​វីរ​កីឡាការិនី​ឥណ្ឌូណេស៊ី ​Priscilla Hertati Lumban Gaol​ ​កាល​ខែ​ឧសភា​ ​ឆ្នាំ​ ​២០១៩។

មុន​ចាប់​ផ្ដើម​ប្រកួត​​សាជាថ្មី​​កីឡាការិនី​​​​ឆ្នើម​​ប្រចាំ​សង្វៀន​​មួយ​នៅ​​មីយ៉ាន់ម៉ា​​​នាឆ្នាំ២០១៨ ​បាន​គូស​បញ្ជាក់​ថា៖«​ខ្ញុំ​នឹង​ប្រឹងប្រែង​​​ធ្វើ​ឲ្យ​បាន​ល្អ​ និង​ត្រៀម​បើក​ឆាក​ឆ្នាំ​២០២០​​នេះ​របស់​ខ្ញុំ។ ​​ខ្ញុំ​​​ខំ​ប្រឹង​ឲ្យ​ខ្លាំង​​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ​​ហើយ​ឡើង​ប្រកួត​កាន់​តែ​​ជក់ចិត្ត​សម្រាប់​អ្នក​គាំទ្រ»។

ស្រីពៅ ​ជា​​​កីឡាការិនី​មាន​ស្រុក​កំណើត​​នៅ​ចំការ​ដូង​រាជធានី​ភ្នំពេញ។ ​នា​ពេល​បច្ចុប្បន្ន​​នេះ ​ប្អូន​ស្រី​របស់​​អតីត​កីឡាករ​ប្រដាល់​ នៅ ស៊ីថា ​អាច​ប្រកួត​បាន​ទាំង​ប្រដាល់​សកល ​​​ប្រដាល់​គុន​ខ្មែរ​ និង គុន​​ចម្រុះ។ ​​កូន​សិស្ស​​របស់​ លោក​ញ៉ូវ ម៉ាក​ ​និង ម៉ាក សាខន​ ​បាន​តស៊ូ​យ៉ាង​ខ្លាំងក្លា​​ដើម្បី​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​​​នៅ​ក្នុង​ស្រុក​ និង ឆាក​អន្តរជាតិ។


​ស្រីពៅ​ ​ចូល​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​តាំង​ពី​ឆ្នាំ​ ២០១៤ ​​និង​ ធ្លាប់​​ប្ដូរ​មក​ហ្វឹកហាត់​ ​ប្រដាល់​សកល​​​ប្រមាណ​ជា​ពីរ​ឆ្នាំ​ ​ហើយ​ក៏​​បន្ត​​ហាត់​​​ប្រដាល់​សកល​ក្នុង​ស្រុក​និង​​ចេញ​ទៅ​​ហាត់​​នៅ​ប្រទេស​ជប៉ុន​​មុន​ស៊ីហ្គេម​ ២០១៩​ ចាប់​ផ្ដើម៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT