ចាន់ រតនា​ ខំ​រៀន​ភាសា​បារាំង​​ព្រោះ​អាច​​នឹង​ទៅ​រស់​នៅ​ប្រទេស​បារាំង​មួយ​រយៈ

​​អ្នក​លេង​គុន​ចម្រុះ​​​កម្ពុជា​ ចាន់ រតនា ​ដែល​ទើប​ឈាន​​ចូល​វ័យ​ ៣៤ ​ឆ្នាំ​កាល​​ដើម​ខែ ​​កុម្ភៈ​នេះ​​ បាន​បង្ហើប​ថា​​ខ្លួន​អាច​នឹង​ទៅ​រស់​នៅ​ប្រទេស​​បារាំង​​មួយ​​រយៈ​នា​ពេល​ខាង​មុខ​​នេះ។ ​​ការ​បង្ហើប​​​បែប​​​នេះ​បន្ទាប់​ពី​​ម្ចាស់​ក្លិប​​ប្រដាល់ «សិល្បៈ​» រូប​នេះ​បាន​ចូល​រៀន​ភាសា​បារាំង​​នៅ​​មជ្ឈមណ្ឌល​ភាសា​បារាំង​ក្បែរ​វត្ត​​កោះ​ប្រហែល​ជា​​កន្លះ​ខែ​មក​ហើយ។​

​​ចាន់ រតនា​បាន​គូស​បញ្ជាក់​ថា​៖​«​​ខ្ញុំ​រៀន​ភាសា​បារាំង​ព្រោះ​ប្រពន្ធ​ខ្ញុំ​​ជា​ជនជាតិ​បារាំង។ ​​ខ្ញុំ​មិន​ធ្លាប់​រៀន​បារាំង​ទេ​ពី​មុន​ទេ។ ខ្ញុំ​ចង់​ចេះ​​ដើម្បី​ទំនាក់ទំនង​ផង​ ហើយ​នៅ​ថ្ងៃ​អនាគត​ខាង​មុខ​ ​ខ្ញុំ​អាច​ទៅ​រស់​នៅ​ប្រទេស​បារាំង​មួយ​​រយៈ​ជា​មួយ​គ្រួសារ​​របស់​ខ្ញុំ»។

ក្រៅ​ពី​​បង្ហាត់​កូន​សិស្ស​ជា​ច្រើន​នាក់​ និង​ ហ្វឹកហាត់​ខ្លួន​ឯង​ដើម្បី​ឡើង​រេញ​នៅ​ ONE Championship ​​ម្ចាស់​ក្លិប​សិល្បៈ​​ឆ្លៀត​ពេល​រៀន​ភាសា​បារាំង​​នា​ពេល​រសៀល​ចាប់​ពី​ម៉ោង១២​:០០ ​ដល់​ម៉ោង​ ១:០០ ​រសៀល​ជា​រៀងរាល់​ថ្ងៃ។ ​​ក្រោយ​ខកខាន​ឡើង​រេញ​​រយៈ​ពេល​ប្រមាណ​ជា​​៥ ខែ​ ONE Championship ​​បន្ទាប់​​​ពី​​ឈ្នះ​កីឡាករ​​ចំបាប់​សញ្ជាតិ​គុយបា ​Gustavo Balart​ ​កាល​ខែ ​សីហា ​​ឆ្នាំ​ ២០១៩​ ​​កីឡាករ​វ័យ​៣៤​ ឆ្នាំ​​មាន​តម្រុយ​អាច​នឹង​ឡើង​រេញ​នា​ដើម​​ខែ​ ​មេសា​ ​ខាង​មុខ ​ដោយ​ទំនង​ជួប​​ជើង​ខ្លាំង​សញ្ជាតិ​​ជប៉ុន​ Yuya Wakamatsu។

បែប​ណា​ក្ដី ​រតនា​ មិន​បាន​បង្ហាញ​អំពី​ភាព​ប្រាកដ​ប្រជា​នោះ​ឡើយ​ពោល​ត្រូវ​រង​ចាំ​​សិន។ ​​​​កីឡាករ​​គុន​ចម្រុះ​ដដែល​សង្កត់​ធ្ងន់​ថា​៖«​ខ្ញុំ​ប្រហែល​ជួប​ Yuya Wakamatsu ​​មែន ​ព្រោះ​​ខ្ញុំ​ត្រូវ​ជួប​គាត់​តាំង​ខែ តុលា ​ម៉្លេះ​ ប៉ុន្តែ​បែរ​ខកខាន​ទៅ​វិញ»។

ទោះ​បី​ ចាន់ រតនា ​មិន​​ទាន់​បាន​បង្ហើប​អំពី​ព័ត៌មាន​​ពិត​ ប៉ុន្តែ ​​បណ្ដាញ​សង្គម​ ឬ ​វិបសាយ​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ជា​ហូរហែ​​រួច​ទៅ​ហើយ​ថា​ ចាន់ រតនា ​ទំនង​ជួប​កីឡាករ​វ័យ​២៥​ឆ្នាំ​​របស់​ជប៉ុន​ខាង​លើ។ ​​​កីឡាករ​ដែល​ជាប់​កិច្ច​សន្យា​​​ប្រកួត​នៅ​​ស្ថាប័ន​អន្តរជាតិ ​ONE Championship ​​មិន​ដែល​ភ្លេច​ខ្លួន​រឿង​ហ្វឹកហាត់​នោះ​ទេ​ទោះ​បី​ជា​ ​​រង​ចាំ​យូរ​ដើម្បី​ឡើង​ប្រកួត​ក្ដី។ ​រតនា ​​ហ្វឹកហាត់​ជា​ប្រចាំ​ទាំង​គុន​ខ្មែរ​ ប្រដាល់​សកល ​ជឺជិតស៊ូ ហាត់​កម្លាំង​ និង គុន​ចម្រុះ​ជា​ដើម​ ក្រោម​ការ​​បង្វឹក​ដោយ​គ្រូ​​ផ្សេង​គ្នា។

​ឯក​មក​កាន់​​ដំណើរ​​ឆ្ពោះ​​ទៅ​ប្រទេស​បារាំង​វិញ​ ​ត្រូវ​បាន​ ​រតនា ​​បន្ថែម​ថា៖«​​​​ក្នុង​រយៈ​ពេល​ ៦ ឬ ​៧ ​ខែ​ទៀត​ប្រពន្ធ​ខ្ញុំ​អាច​នឹង​ទៅ​រស់​នៅ​ប្រទេស​បារាំង​មុន ​ប៉ុន្តែ​ខ្ញុំ​បែប​ទៅ​តាម​ក្រោយ។​ ​​ហើយ​កូន​របស់​ខ្ញុំ​ក៏​យក​ទៅ​រៀន​នៅ​ទី​នោះ​ដែរ។ ​​​ឥឡូវ​ខ្ញុំ​មិន​ទាន់​ច្បាស់​ថា​ខ្ញុំ​ត្រូវ​ទៅ​ពេល​ណា​ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​រស់​នៅ​ទី​នោះ​​ក្នុង​អំឡុង​ពេល​មួយ ​ហើយ​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ»។

ចាន់ រតនា ​ជា​កីឡាករ​គុន​ចម្រុះ​ម្នាក់​​ជំនាញ​ដោះ​ឃ្លេ​គូ​​ពេល​ប៉ុនប៉ង​ពី​គូ​​បដិបក្ខ​ ​ហើយ​បំបាក់​ដៃ​គូ​ ឬ បញ្ចប់​គូ​ប្រជែង​ដោយ​ប្រើ​ក្បាច់​គុន​ខ្មែរ។ ​ពី​ជ័យជម្នះ​ ៧​ លើក​កន្លង​មក​​ក្នុង​ចំណោម​ ១០ ​លើក​លើ​សង្វៀន​គុន​ចម្រុះ ​ចាន់ រតនា ​តែង​តែ​យក​ឈ្នះ​ និង​ ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ដោយ​កណ្ដាប់​មហា​ទម្ងន់​របស់​គេ​ទាំង​ពីរ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT