R.Madrid សម្លឹង​ចង់នាំ​យក​ខ្សែ​ប្រយុទ្ធ​ហង្ស​តម្លៃ ១២៦ លាន​ផោន ​ដែល​ធូរ​ជាង Mbappe ពីរ​ដង

ក្លឹប Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា​ហាក់បី​ដូច​ជា​អស់​ចិត្ត​ក្នុង​ការ​នាំ​យក Kylian Mbappe មក​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន​ហើយ បន្ទាប់​ពី​តម្លៃ​ខ្លួន​របស់​យុវជន​បារាំង​រូប​នេះ​ហាក់​មិន​មាន​ការ​ចុះ​ទាល់​តែ​សោះ ខណៈ​ដែល​កុងត្រា​ជាមួយ PSG ​ត្រូវ​ផុត​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២១ ខាង​មុខ។

តម្លៃ​របស់​ខ្សែ​ប្រយុទ្ធ​វ័យ ២១ ឆ្នាំ នឹង​ទាមទារ​ឲ្យ​ក្លឹប​ Madrid ចំណាយ​ខ្ទង់​ប្រមាណ ៣០០ លាន​អឺរ៉ូ ឬ ២៥០ លាន​ផោន​ដែល​ជា​តម្លៃ​បំបែក​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្រ្ត​មួយ ដែល​ខ្ពស់​ជាង Neymar Jr ទៅ​ទៀត។

ប៉ុន្តែ​បើ​មើល​តាម​ទម្រង់​លេង​បច្ចុប្បន្ន​គឺ Mbappe ហាក់​មិន​លេចធ្លោ​ខ្លាំង​ដូច​រដូវ​កាល​ចាស់​នោះ​ទេ ហើយ​បើ​ធៀប​នឹង​កំពូល​ខ្សែ​ប្រយុទ្ធ​ឯ​ទៀត​ដូច​ជា Mohamed Salah គឺ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា ខុស​តែ​កត្តា​អាយុ​មួយ​ប៉ុណ្ណោះ។

Salah ​រក​បាន ១៥ គ្រាប់ Assist ៦ លើក​នៅ​លីគ​កំពូល​អង់គ្លេស ខណៈ​នៅ​លីគ​បារាំង Mbappe ​រក​បាន ១៦ គ្រាប់​និង Assist ៤ លើក​នៅ ១៩ ប្រកួត។

បើ​តាម​ប្រភព El Desmarque បាន​សង្កត់​ធ្ងន់​ថា​ស្តេច​ស Real Madrid ​ដែល​ដឹកនាំ​ដោយ​លោក Florentino Perez បាន​បង្វែរ​គោលដៅ​ថ្មី​ទៅ​លើ​កីឡាករ​សញ្ជាតិ​អេហ្សីប​វិញ​ហើយ ព្រោះ​ជាមួយ​ខ្សែ​ប្រយុទ្ធ​វ័យ ២៧ ឆ្នាំ​រូប​នេះ មាន​តម្លៃ​ប្រមាណ ១២៦ លាន​ផោន​ប៉ុណ្ណោះ ពោល​គឺ​ធូរ​ជាង ១ ទ្វេ​ជា ២ ឯ​ណោះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT