Pep និយាយ​អ្វី​ខ្លះ ក្រោយ M.City កែ​ប្រវត្តិសាស្រ្ត​យក​ឈ្នះ Real ដល់​ក្នុង​ដី​យប់​មិញ?

ជា​ប្រកួត​លើក​ទី ៥ ហើយ​នៅ​ពាន​រង្វាន់​អឺរ៉ុប​រវាង​ក្រុម Manchestser City និង Real Madrid ដោយ​ក្នុង​នោះ ៤ លើក​កន្លង​មក​បាន​ត្រឹម​ចាញ់ និង​ស្មើ តែ​ម្តង​នេះ City អាច​យក​ឈ្នះ​កែប្រែ​ប្រវត្តិសាស្រ្ត​បាន​សម្រេច។

ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​នៅ​លទ្ធផល ១-២ អ្នកចាត់ការ​ក្រុម​ភ្ញៀវ​លោក Pep Guardiola ក៏​បាន​និយាយ​ដល់​ទម្រង់​លេង​កាល​ពី​យប់​មិញ​ក៏​ដូច​ជា​រឿងរ៉ាវ​រកាំរកូស​ខ្លះ​នៅ​ខាង​ក្រៅ​ទីលាន ពាក់ព័ន្ធ​នឹង​ការ​ពិន័យ​របស់ UEFA។

លោក Pep បញ្ជាក់​ថា៖ “ត្បិត​យើង​មិន​អាច​គ្រប់គ្រង​ស្ថានភាព​លើ​អ្វី​ដែល​កើត​ឡើង​ក្រៅ​ទីលាន តែ​យើង​ធ្វើ​បាន​ល្អ​ខ្លាំង​នៅ​លើ​ទីលាន​ប្រកួត ស្រប​ពេល​ដែល​រដូវ​កាល​មុន​យើង​លេចធ្លោ​ខ្លាំង ពោល​គឺ​យើង​ប្រកួតប្រជែង​បាន​ល្អ​ខ្លាំង​តែ​មែនទែន ហើយ​ការ​ប្រកួត​នេះ​គឺ​វា​ពិសេស ដោយ​កីឡាករ​ធ្វើ​ដើម្បី​ក្លឹប​ទាំង​មូល​និង​អ្នក​គាំទ្រ”។

លោក​សង្កត់​ធ្ងន់៖ “ខ្ញុំ​និយាយ​ដោយ​ត្រង់​ទៅ បើ​មាន​បញ្ហា​បែបណានោះ​ក្លឹប​ពិបាក​នឹង​ឈរ​ជើង​ខ្លាំង​ណាស់ តែ​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ការ​ដោះស្រាយ​រឿងរ៉ាវ​នេះ ដោយ​ខ្ញុំ​ជឿ​លើ​ក្រុម​ប្រឹក្សា​ភិបាល​ជាន់​ខ្ពស់​របស់​យើង ជឿ​លើ​មេធាវី​ខាង​ផ្នែក​ច្បាប់​ក្នុង​ការ​បញ្ចុះបញ្ចូល UEFA ​ព្រោះ​យើង​បាន​ធ្វើ​តែ​រឿង​ល្អ មិន​បាន​ធ្វើ​ខុស​អ្វី​នោះ​ទេ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT