នាវេលាម៉ោង ០៣:០០ នាទីព្រឹករំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២០ ក្លឹបតោខៀវ Chelsea នឹងត្រូវបើកកីឡដ្ឋាន Stamford Bridge ស្វាគមន៍ក្លឹប Bayern Munich នាជំនួបជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ហើយក៏មានការផ្សាយផ្ទាល់លើទំព័រ CTS Sports។
បើក្រឡេកទៅមើលស្ថិតិប្រកួតកន្លងមករវាងក្រុមទាំងពីរ គឺធ្លាប់ជួបគ្នា ៤ លើក (មិនរាប់ប្រកួតមិត្តភាព) ដោយក្នុងនោះ Chelsea ឈ្នះ ២ ស្មើ ២ មាន ៣ លើកនៅ UEFA Champions League និង ១ លើកព្រឹត្តិការណ៍ UEFA Super Cup។
សម្រាប់ការប្រកួតនៅ UCL លើកចុងក្រោយបង្អស់គឺកើតឡើងនៅឆ្នាំ ២០១២ នាវគ្គផ្ដាច់ព្រ័ត្រ ក្នុងទឹកដី Allianz Arena ដោយបញ្ចប់នៅលទ្ធផលបាល់ប៉េណាល់ទី ៤-៣ ដែលតោខៀវជាអ្នកឈ្នះ។
ដោយឡែកចំពោះការឈានមកដល់វគ្គ Knockout Stage (១៦ ក្រុមឡើងលើ) នេះ គឺ Bayern ធ្វើបាន ១២ រដូវកាលជាប់ៗគ្នាហើយ ពោលគឺមានតែ Real Madrid និង Barcelona ប៉ុណ្ណោះធ្លាប់ធ្វើបានយូរជាងនេះ ដល់ទៅ ២៣ និង ១៦ រដូវកាល។
រំឭកថាកីឡាករដែល Chelsea គួរបារម្ភខ្លាំងបំផុតនៅប្រកួតយប់នេះ គឺ Robert Lewandowski ដែលខ្ញីចាស់វ័យ ៣១ ឆ្នាំរូបនេះ រកបាន ១០ គ្រាប់ហើយត្រឹម ៥ ប្រកួតនៅ UCL និងកំពុងឈរតំណែងជា Top Scorer ខណៈនៅ Bundesliga រកបាន ២៥ គ្រាប់នៅ ២៣ ប្រកួត។
បើតាមលទ្ធផលទស្សន៍ទាយពីគេហទំព័រ Mightytips បានឲ្យដឹងថា Chelsea នឹងទទួលបានលទ្ធផលស្មើទល់ Bayern Munich ១-១៕