• Setien៖ “កីឡាករ​ខ្ញុំ​នៅ​រង​ភាព​ឈឺចាប់ ភ្លេច​មិន​បាន​សោះ​មេរៀន ២ ប្រកួត​នេះ”

    អ្នកចាត់ការ​លោក Quique Setien បាន​និយាយ​ថា​កីឡាករ​របស់​ក្លឹប FC Barcelona នៅ​តែ​ចងចាំ​ឥត​ភ្លេច ហើយ​ពិបាក​នឹង​បំភ្លេច​ខ្លាំង​បំផុត​នៅ​មេរៀន​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​កន្លង​មក​នៅ​ព្រឹត្តិការណ៍ Champions League ពេល​ប៉ះ Roma និង Liverpool។

    លោក Setien បាន​និយាយ​មុន​បើក​ការ​ប្រកួត​ជាមួយ​ Napoli ថា៖ “ជា​ការ​ពិត​ត្បិត​យើង​មាន​ការ​និយាយ​តែ​បន្តិចបន្តួច​អំពី [ការ​ប្រកួត​ទល់ Roma និង Liverpool កន្លង​ទៅ] ប៉ុន្តែ​ខ្ញុំ​ច្បាស់​ថា​បរាជ័យ​នោះ​នៅ​តែ​វិលវល់​ក្នុង​អារម្មណ៍​របស់​កីឡាករ​ក្នុង​ក្រុម​ជានិច្ច”។

    លោក​បន្ថែម៖ “ប៉ុន្តែ​ប្រហែល​វា​ជា​រឿង​ពីរ​ផ្សេង​ដែល​មិន​អាច​ប្រៀបធៀប​គ្នា​បាន ដោយ​យើង​ក៏​ធ្លាប់​មាន​បទពិសោធន៍​នៅ​ប្រកួត​តានតឹង​ជា​ច្រើន​ដែរ បែប​នេះ​ខ្ញុំ​គិត​ថា​ក្រុម​របស់​យើង​មិន​អី​នោះ​ទេ ដោយ​យើង​នៅ​តែ​មាន​ទំនុក​ចិត្ត​និង​បន្ត​ទៅ​មុខ​ទៀត ​ក្នុង​ការ​រក្សា​កម្រិត​លេង​ដ៏​ល្អ​មួយ​របស់​យើង”។

    គួរ​បញ្ជាក់​ថា​ការ​ប៉ះ Napoli ​ពាក់​កណ្តាល​សប្តាហ៍​នេះ គឺ​ជា​ប្រកួត​នៅ UEFA Champions League លើក​ដំបូង​ហើយ​របស់​លោក Setien បែប​នេះ​ក៏​ជឿជាក់​ថា​លោក​នឹង​ធ្វើ​បាន​ល្អ ​ទន្ទឹម​ដែល​ស្ថានភាព​នៅ LaLiga ក៏​មាន​ការ​ប្រកួតប្រជែង​ខ្ពស់​ជាមួយ Real Madrid ស្រាប់​ផង​នោះ៕

    ប្រភព៖ Marca

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT