Olivier Giroud៖ ​បារាំង​នឹង​​បង្ហាញ​ថា Henry ​ជ្រើសរើស​យក​បែលហ្សិក​គឺ​ខុស​ហើយ

Olivier Giroud ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង បាន​និយាយ​ថា​ពួកគេ​នឹង​បង្ហាញ​ឱ្យ​វីរបុរស Thierry Henry ​មាន​អារម្មណ៍​ស្ដាយ​ក្រោយ ដែល​ជ្រើសរើស​ទៅ​ធ្វើ​ការ​ជា​គ្រូ​ជំនួយ​ឱ្យ​បែលហ្សិក។

Thierry Henry ​ជា​វីរបុរស​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ រូបគេ​បាន​ទៅ​ធ្វើ​ជា​គ្រួ​ជំនួយ​នៅ​ជម្រើស​ជាតិ​បែលហ្សិក។ ខណៈ​ដែល​បារាំង នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បែលហ្សិក​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World  Cup 2018 ​នេះ ​ហើយ។ ការ​ប្រកួត​នេះ ​បាន​ធ្វើ​ឱ្យ​​មតិ​ជា​ច្រើន ​គិត​ថា​តើ Henry នឹង​មាន​អារម្មណ៍​យ៉ាង​ណា ដែល​ប៉ះ​បារាំង​ដូច្នេះ?

ចំពោះ​រឿង​នេះ​ដែរ Giroud ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ម្នាក់​របស់​បារាំង ​បាន​និយាយ​ថា​៖ “ខ្ញុំ​ដូចជា​មាន​អារម្មណ៍​រំខាន​ណាស់​ចំពោះ​រឿង Henry ​នេះ។ ខ្ញុំ​ចង់​បង្ហាញ​ថា គាត់​កំពុង​ជ្រើសរើស​ក្រុម​ខុស​ហើយ។ ខ្ញុំ​ពេញ​ចិត្ត បើ​គាត់​នៅ​ជាមួយ​យើង ណែនាំ​យើង ​ឱ្យ​បាន​ល្អ ​ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ច្រណែន​នឹង​ការ​សម្រេច​ចិត្ត​របស់​គាត់​ដែរ។ យើង​មាន​ជម្រើស​រៀង​ៗ​ខ្លួន”។

បុរស​វ័យ​៤០​ឆ្នាំ​ខាង​លើ​នេះ ​លេង​ឱ្យ​ជម្រើស​ជាតិ​បារាំង​តាំង​ពី​ឆ្នាំ​១៩៩៧​ដល់​២០១០ ​បង្ហាញ​ខ្លួន​បាន​១២៣​ប្រកួត ​និង​រក​បាន​៥១​គ្រាប់។ សមិទ្ធផល​ធំ​បំផុត​របស់​លោក គឺ​នាំ​បារាំង​លើក​ពាន World Cup ​ឆ្នាំ​១៩៩៨។ ខណៈ​ដែល​បច្ចុប្បន្ន លោក​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​របស់​បែលហ្សិក ​ដោយ​ចូល​បម្រើ​ការងារ​នេះ​តាំង​ពី​ឆ្នាំ ២០១៦៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT