Carragher ​ឲ្យ Liverpool លៃលក​ទិញ​យក​កីឡាករ ២ រូប​នេះ​ជា​បន្ទាន់ ក្រោយ​ចាញ់ At ១-០

ជើង​ចាស់​នៅ​ក្លឹប​ហង្ស​ក្រហម​លោក Jamie Carragher បាន​បង្ហាញ​ការ​ណែនាំ​ដល់​ក្លឹប​ចាស់​របស់​ខ្លួន​ក្នុង​ការ​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​ចំណូល​ថ្មី ២ រូប​ចូល​ក្លឹប បន្ទាប់​ពី​មើល​ឃើញ​ពី​ស្ថានភាព​ដ៏​លំបាក​មួយ​ក្រោយ​ចាញ់ At Madrid ១-០ កន្លង​មក។

ជា​ទូទៅ​នៅ​ពេល​ដែល Liverpool មិន​អាច​មាន​កីឡាករ​ ៣ រូប​សំខាន់ Mane, Salah, Firmino លេង​ជុំ​ជើង​គ្នា​ទេ​នោះ ​ប្រព័ន្ធ​លេង​របស់​ក្រុម​នឹង​រមែង​ជួប​បញ្ហា​ច្រើន​ជាង​ទទួល​បាន​លទ្ធផល​វិជ្ជមាន។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក Carragher បាន​និយាយ​ថា៖ “បើ​អ្នក​មើល​ការ​ប្រកួត​នៅ​យប់​ថ្ងៃ​អង្គារ [បរាជ័យ​ទល់ At Madrid] វា​គឺ​ជា​បញ្ហា​ធំ​សម្រាប់ Liverpool ដែល​មិន​អាច​ឲ្យ ៣ មុខ​ខាង​លើ​លេង​ជុំ​គ្នា​បាន”។

លោក​បន្ថែម៖ “នៅ​ពេល​ដែល Mane ត្រូវ​ប្តូរ​ចេញ​ហើយ​យក​មក​វិញ​នៅ Divock Origi ដែល​គេ​ធ្លាប់​ជា​វីរបុរស​នៅ​ទឹកដី Wanda ឆ្នាំ​ទៅ [វគ្គ​ផ្តាច់ព្រ័ត្រ UCL ១៩/២០] តែ​ក៏​នៅ​តែ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​សម្រាប់​ក្លឹប​ល្អ​ដាច់​គេ​ក្នុង​លោក​នោះ​ដែរ”។

លោក​សង្កត់​ធ្ងន់៖ “Liverpool ចាំ​បាច់​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​កំពូល​នៅ​រដូវ​ក្តៅ តើ Sancho ឬ Werner? ដោយ​សម្រាប់​ខ្ញុំ​គឺ​នឹង​យក​ទាំង​ពីរ ព្រោះ​រដូវ​ក្តៅ​កន្លង​មក​ក្លឹប​មិន​បាន​ចាយ​លុយ​ទេ អ៊ីចឹង​លុយ​ជា​ច្រើន​ប្រាកដ​ជា​ប្រេ​រង់ចាំ​ហើយ​ស្រេច”។

គួរ​បញ្ជាក់​ថា Jadon Sancho និង Timo Werner ​កន្លង​មក​ក៏​លេចលឺ​ថា​ស្ថិត​ក្រោម​រ៉ាដា​ចង់​បាន​ពី​សំណាក់​ក្លឹប​បិសាច​ក្រហម Man Utd ផង​ដែរ ដោយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​អាច​មាន​តម្លៃ​ខ្លួន​ប្រហែល ១០០ លាន​ផោន ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​របស់ RB Leipzig ​ថ្លៃ​ខ្ទង់ ៥០ លាន​ផោន៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT