ប្រធានចាត់ការផ្នែកកីឡាឲ្យក្លឹប Sevilla នាពេលបច្ចុប្បន្នលោក Monchi និងធ្លាប់ជាអតីតកីឡាករនៅ Roma បានទម្លាយថាកាលពី ២ ឆ្នាំមុនក្លឹបអ៊ីតាលី Roma ធ្លាប់មានឱកាសនាំយកកីឡាករ Erling Haaland ចូលក្លឹបនៅតម្លៃថោកប៉ុន្តែក្លឹបបដិសេធមិនទទួលយក។
ជារឿងសោកស្តាយមួយដែល Haaland បច្ចុប្បន្នកំពុងឡើងកូដខ្លាំងតាំងពីលេងនៅ Salzburg រហូតដល់ពេលចុងក្រោយផ្លាស់មក Dortmund ក៏នៅតែកីឡាករន័រវេសបន្តរកគ្រាប់បាល់ឥតឈប់មិនថាតែក្នុងនិងក្រៅក្របខ័ណ្ឌ។
Haaland រកបាន ៣៩ គ្រាប់ហើយនារដូវកាល ២០១៩/២០ រួមបញ្ចូលទាំង ១០ គ្រាប់នៅ UEFA Champions League ធ្វើឲ្យក្លឹបជាច្រើនញញើតខ្លាចកីឡាករវ័យ ១៩ ឆ្នាំរូបនេះ។
បើក្រឡេកទៅអតីតកាល Hoffenheim មានឱកាសអាចយករូបគេនៅអាយុ ១៥ ឆ្នាំ ដោយផ្តល់ថ្លៃពលកម្ម ៥ ០០០ អឺរ៉ូ តែក្លឹបមិនហ៊ានចាយព្រោះគិតថា ២ ០០០ អឺរ៉ូទើបសមល្មម។ លុះឆ្នាំបន្ទាប់ Barcelona ក៏មានឱកាសប្រជែងយក Haaland តែចុងក្រោយទៅយក Kevin Prince Boateng ពី Sassuolo មិនខុសពី Marseille ដែលបដិសេធមិនយក Haaland ព្រោះគិតថាថ្លៃពលកម្មខ្ពស់។
រហូតដល់វ័យ ១៧ ឆ្នាំ អ្វីដែលសោកស្តាយបំផុតនោះគឺ Roma ដែលជាក្លឹបទំនងអាចទទួលបានប្រយោជន៍ខ្លាំងពី Haaland ក៏បដិសេធមិនចុះហត្ថលេខាយករូបគេនៅតម្លៃ ៤ លានអឺរ៉ូដែរ ហើយចុងក្រោយផ្លាស់ទៅចូលរួមនៅ Salzburg របស់អូទ្រីស៕
ប្រភព៖ AF