Simeone ​៖​៨​ឆ្នាំ​ហើយ ​ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​គាំទ្រ AT Madrid ​ទទួល​បែប​នេះ​ទេ​

​លោក Simeone ​បាន​និយាយ​ថា​តាំង​ពី​លោក​មក​ដឹក​នាំ​ក្រុម​៨​ឆ្នាំ​មក​ហើយ មិន​ដែល​ឃើញ​ទឹក​ចិត្ត​ខ្លាំង​ក្លា​របស់​អ្នក​គាំទ្រ Atletico Madrid ​ដូច​យប់មិញ​នេះ​។

​ក្រុម Atletico Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool ​បាន​ក្នុង​លទ្ធផល ​១-០ ​សម្រាប់​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​ការ​ទទួល​បាន​ជ័យជម្នះ​នេះ​ ធ្វើ​ឱ្យ​លោក Simeone ​មាន​មោទនភាព​ចំពោះ​កូន​ក្រុម​របស់​ខ្លួន​មែនទែន ​ជា​ពិសេស​ទឹក​ចិត្ត​អ្នក​គាំទ្រ ដែល​ប្រឹង​ស្រែក​គាំទ្រ​ក្រុម​ពេញ​៩០​នាទី​។

អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “យើង​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​នេះ ​ចាប់​តាំង​ពី​យើង​បាន​ចូល​ដល់​កីឡាករ​នេះ​ម្ល៉េះ ​ព្រោះ​អ្នក​គាំទ្រ​បាន​បង្ហាញ​វា​ទៅ​ហើយ។ ​ការ​ទទួល​របស់​ពួកគេ​ពិត​ជា​អស្ចារ្យ ​៨​ឆ្នាំ​កន្លង​មក​ខ្ញុំ​មិន​ដែល​ឃើញ​នោះ​ទេ។ ​វា​ជា​ការ​ប្រកួត​ដ៏​ពិបាក​សម្រាប់​យើង ព្រោះ​ប៉ះ​ក្រុម​ដែល​ខ្លាំង​និង​ការពារ​តំណែង​ជើង​ឯក។ ប៉ុន្តែ​យើង​អាច​លេង​តាម​របៀប​របស់​យើង ​ដើម្បី​រក្សា​លទ្ធផល​នេះ​រហូត​ដល់​ចប់​ការ​ប្រកួត”។

​សម្រាប់​ជើង​ទី​២​របស់​ក្រុម​ទាំង​ពីរ ដែល​ធ្វើ​នៅ​ទឹក​ដី Anfield ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១២​ខែ​មីនា​ឆ្នាំ​២០២០ ​ខាង​មុខ​នេះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT