គ្រូ​បង្វឹក​អង់គ្លេស នឹង​បាន​រង្វាន់​១,៥​លាន​ផោន ​បើ​អាច​នាំ​ក្រុម​លើក​ពាន World Cup

Gareth Southgate ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ១,៥​លាន​ផោន ​ប្រសិន​បើ​លោក​អាច​នាំ​ក្រុម​អង់គ្លេស​លើក​ពាន FIFA World Cup ​បាន។

សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស បាន​សាទរ​ចំពោះ​ជ័យជម្នះ​អង់គ្លេស​លើ​ក្រុម​ស៊ុយអែត ២-០ ​កាល​ពី​យប់មិញ​នេះ ​ដើម្បី​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ។ ​ខណៈ​ដែល​សហព័ន្ធ​មួយ​នេះ ​ក៏​បាន​ត្រៀម​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​សម្រាប់​កីឡាករ ​និង​គ្រូ​បង្វឹក​រួច​រាល់​ហើយ​ដែរ ប្រសិន​បើ​ពួកគេ​អាច​លើក​ពាន​រង្វាន់ World Cup 2018 ​នេះ​បាន។

បើ​តាម​របាយការណ៍​បាន​បញ្ជាក់​ថា ​អង់គ្លេស​នឹង​យក​ប្រាក់​៥​លាន​ផោន ​ដើម្បី​ចែក​ឱ្យ​កីឡាករ​ទាំង​អស់ ​ប្រសិន​ពួកគេ​លើក​ពាន World Cup ​បាន។ ដោយ​ឡែក​សម្រាប់​លោក Gareth Southgate ​វិញ ​នឹង​បាន​ច្រើន​ជាង​គេ ​ពោល​គឺ​១,៥​លាន​ផោន ​នឹង​ធ្លាក់​ដល់​ដៃ​លោក​ភ្លាម ប្រសិន​បើ​ក្រុម​អាច​លើក​ពាន​បាន។ មួយ​វិញ​ទៀត ​ក្រៅ​ពី​រង្វាន់​ពី​សហព័ន្ធ​ហើយ ក៏​នៅ​មាន​រង្វាន់​ជា​ច្រើន​ផ្សេង​ទៀត ​ដែល​ជា​ក្រុមហ៊ុន​ដៃ​គូ​ជួយ​ឧបត្ថម្ភ​បន្ថែម​ទៀត​ដែរ។

អង់គ្លេស​បាន​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ហើយ ដោយ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ក្រូអាត​នៅ​ថ្ងៃ​ទី​១២​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕ប្រភព៖ Esquire

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT