កីឡាករថៃជើងចាស់ DEJDAMRONG ឡើង​មក​ប្រកួត​​​​នៅ​ ONE: KING OF JUNGLE

កីឡាករ​គុន​ចម្រុះ​សញ្ជាតិ​ថៃ​ DEJDAMRONG SOR AMNUAYSIRICHOKE ​ត្រលប់​មក​សង្វៀន​ ONE Championship ​សា​ជា​ថ្មី។ ​កីឡាករ​វ័យ​ ៤១ ​ឆ្នាំ​​​រូប​នេះ​​​ត្រូវ​ប៉ះ​​កីឡាករ​ឥណ្ឌូណេស៊ី​ Stefer Rahardian ​ឬ ​មាន​ឈ្មោះ​ក្រៅ​ថា​ The Lion ​នៅ​​ក្នុង​កម្មវិធី ​​ ONE: KING OF JUNGLE ​ដែល​រៀប​ចំ​ឡើង​នៅ​​សិង្ហបុរី​នា​​ល្ងាច​ថ្ងៃ​ទី​ ២៨ ​កុម្ភៈ ​​ខាង​មុខ។ ​មិន​ជា​​ការ​រង់​ចាំ​យូរ​ប៉ុន្មាន​ទេ​សម្រាប់​ DEJDAMRONG ​បន្ទាប់​ពី​រូប​គេ​ទទួល​ជ័យ​លើ​​កីឡាករ​ប៉ាគីស្ថាន​ ​Muhammad Imran ​កាល​ខែ ​វិច្ឆិកា​ ឆ្នាំ ២០១៩។

DEJDAMRONG ​ដែល​​អ្នក​លេង​គុន​ចម្រុះ​ជំនាញ​​ផ្ដួល​គូប្រកួត​​ឲ្យ​សន្លប់​ដោយ​ការ​ប្រើ​កណ្ដាប់​ដៃ​នោះ​ គឺ ​ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Strawweight World Champion ​និង ​ម្ចាស់​ខ្សែ​ក្រវាត់​ Lumpinee Stadium Muay Thai World Champion​ ជា​ច្រើន​សម័យ​កាល។  កីឡាករ​ថៃ​រូប​នេះ​គ្រង​ខ្សែ​ក្រវាត់​ ​ONE Strawweight World Champion ​បន្ទាប់​ពី​ផ្ដួល​​ Roy Doliguez ​​​ឲ្យ​​​ចុះ​ចាញ់​នៅ​ទឹក​ទី៥ និង ​​ជា​ជ័យជម្នះ​៥​លើក​ជាប់​គ្នា​នៅ​សង្វៀន​ ONE នា​​​ពេល​នោះ​។ ​DEJDAMRONG គឺ​​​អ្នក​លេង​គុន​ចម្រុះ​របស់​ថៃ​ដ៏​ល្អ​ម្នាក់ ​និង​ ឈ្នះ​ ៦ ​លើក​ជាប់​គ្នា​ដែល​ជា​កំណត់​ត្រា​ល្អ​បំផុត​ផង​ដែរ​​ក្នុង​អាជីព ​មុន​របូត​ខ្សែ​ក្រវាត់ ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ​២០១៦​ ​ក្រោយ​ចាញ់​កីឡាករ​ជប៉ុន Yoshitaka Naito។ ​​

បើ​ថ្លែង​អំពី​ប្រវត្តិ​វិញ Dejdamrong ​កើត​នៅ​ខេត្ត​ Trang ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ ​ម្ដាយ​របស់ ​Dejdamrong​ ​បាន​ប្រឆាំង​ទៅ​នឹង​ការ​ចាប់​អាជីព​ហាត់​ក្បាច់​គុន​មួយ​ថៃ​ ប៉ុន្តែ​រូប​គេ​ចូល​ហ្វឹកហាត់​មិន​ឲ្យ​ម្ដាយ​ដឹង​ឡើយ​ កាល​អាយុ​ ១០ ឆ្នាំ។ ​ការ​ប្រកួត​ដំបូង​របស់​គេ​ទទួល​បាន​ត្រឹម​ ៧០បាត​ ពោល​​ត្រឹម​ ២ ​ដុល្លារ​តែ​ប៉ុណ្ណោះ​ ហើយ​​​​ខំ​ប្រឹង​បន្តបន្ទាប់​រហូត​​ក្លា​យ​ជា​វីរបុរស​ម្នាក់​​​របស់​ថៃ​នា​ពេល​បច្ចុប្បន្ន​។ ​អាជីព​របស់​គេ​កាន់​​វិវឌ្ឍ​ខ្លួន​បាន​ល្អ​​​​ពេល​​មាន​​អាយុ ​១៧ ឆ្នាំ ​ពេល​ផ្លាស់​ក្លិប​​ Lookbanyai ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ​ និង ក្លាយ​ជា​កីឡាករ​កំពូល​មួយ​ថៃ​ប្រចាំ​ប្រទេស​ទៀតផង។


Dejdamrong ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ World Titles ​បី​សម័យ​កាល​​នៅ​សង្វៀន​ល្បី​ Lumpinee Stadium, ឈ្នះ​​ជើង​ឯក​ 105lbs ពីរ​ដង និង ​ឈ្នះ​ជើង​ឯក​ 108lbs ​ម្ដង។ ​​​ក្រោយ​ប្រកួត​បាន​ជាង​ ៣០០ ​លើក​នៅ​សង្វៀន​​មួយ​ថៃ ឬ ក្បាច់​គុន​ថៃ​​ ​កីឡាករ​ជើង​ចាស់​រូប​នេះ​ក៏​​​​ចូល​និវត្តន៍​។ ​​បន្ទាប់​មក​ទៀត​នៅ​​​ឆ្នាំ​២០១៣​ ​គេ​ផ្លាស់​ទៅ​​ធ្វើ​​ជា​​គ្រូ​បង្វឹក​នៅ​ Evolve MMA ​នា​ប្រទេស​សិង្ហបុរី​ ​​ហើយ​​​​ក៏​នឹក​ឃើញ​​ចង់​ហាត់​ក្បាច់​គុន​ជឺជិតស៊ូ ​លើក​ដំបូង​ពេល​បាន​ទស្សនា​វីដេអូ ​មុន​ពេល​ប្រឡូក​សង្វៀន​គុន​ចម្រុះ​នៅ​ឆ្នាំ ២០១៤។

ការ​ប្រកួត​មិន​ដែល​ចាញ់​សោះ​ក្នុង​​៦​ប្រកួត​ដំបូង​ជាប់​គ្នា​ និង ​ឈ្នះ​ខ្សែ​ក្រវាត់​ ​ONE Strawweight World Champion។ ​បន្ទាប់​​ពី​​របូត​ខ្សែ​ក្រវាត់​​នៅ​​ឆ្នាំ២០១៦​ ​ ​កីឡាករ​មក​ពី​ក្លិប Evolve MMA ​ក៏​បាន​​​​សាង​កំណត់​ត្រា​ប្រកួត​គូរ​​ឲ្យ​ចាប់​អារម្មណ៍​​ជា​ច្រើន​​ដូច​ជា​ប៉ះ​ Joshua Pacio ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Strawweight World Champion នា​ពេល​បច្ចុប្បន្ន​និង​បន្ត​ឈ្នះ Jeremy Miado , Himanshu Kaushik និង Muhammad Imran ​ដែល​ជា​​ជ័យជម្នះ​ចុង​ក្រោយ។ ​

Dejdamrong Sor Amnuaysirichokeគឺ​​ជា​កីឡាករ​ជំនាញ​មួយ​ថៃ​ម្នាក់​​មុន​ពេល​ប្រឡូក​ចូល​ក្នុង​ពិភព​​គុន​ចម្រុះ​​ នៅ ​​ពាក់​កណ្ដាល​ឆ្នាំ ​២០១៤។​ ​​កីឡាករ​វ័យ​ចំណាស់​​តំណាង​ឲ្យ​ថៃ​រូប​នេះ​ប្រឡូក​​​លើ​សង្វៀន​​គុន​ចម្រុះ​បាន​១៦​លើក​ក្នុង​នោះ​ ​ឈ្នះ​ ១១​ លើក​ និង​ ចាញ់​ ៥​លើក។​ ចំណែក​ ការ​ប្រូឡូក​​ក្បាច់​គុន​មួយ​ថៃ​វិញ​ Dejdamrong Sor Amnuaysirichoke​ ​មាន​កំណត់​ត្រា​ ឈ្នះ​ ​២៨២ ​ចាញ់ ៦៥ និង​ ស្មើ ៣ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT