ក្រូអាត បានឡើងទៅវគ្គ៤ក្រុមចុងក្រោយហើយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមម្ចាស់ផ្ទះរុស្ស៊ីដោយទាត់បាល់កាត់ក្ដីប៉េណាល់ទី ៤-៣ ក្រោយស្មើគ្នា ២-២ រយៈពេល១២០នាទី។
ជ័យជម្នះនេះដែរ គឺជាកំណត់ត្រាឡើងដល់វគ្គ៤ក្រុមនេះម្ដងទៀតហើយ សម្រាប់ក្រូអាត ក្រោយពីពួកគេធ្វើបានកាលឆ្នាំ១៩៩៨។ Luka Modric ដែលជាប្រធានក្រុមជម្រើសជាតិក្រូអាតបាននិយាយថានេះជាការប្រកួតស្វិតស្វាញបំផុតសម្រាប់ក្រុមរបស់ខ្លួន។ ២ប្រកួតចុងក្រោយនេះ ក្រូអាតត្រូវលេងដល់១២០នាទីជាប់គ្នា ប៉ុន្តែពួកគេនៅតែអាចធ្វើបាន លេងយ៉ាងល្អ និងនាំក្រុមទៅវគ្គបន្ដ។ ខ្សែបម្រើរូបនេះ រំពឹងថាក្រុមនឹងមិនបញ្ចប់ត្រឹមវគ្គ៤ក្រុមនេះឡើយ។
ដោយឡែកសម្រាប់លោក Zlatko Dalic វិញ បានស្រក់ទឹកភ្នែក បន្ទាប់ពី Rakitic ទាត់បាល់ប៉េណាល់ទីចូលយកឈ្នះលើរុស្ស៊ី។ លោក និយាយថា៖ “វាមិនមែនជាការប្រកួតល្អនោះទេ ប៉ុន្តែវាជាការប្រកួតប្រជែងខ្លាំងបំផុត។ យើងសំណាងណាស់ដែលបានឡើងវគ្គបន្ដ។ យើងនឹងត្រូវប៉ះជាមួយអង់គ្លេសទៀត។ ជាក់ស្ដែងមកដល់វគ្គនេះ គ្មានក្រុមណាមានប្រៀបជាងក្រុមណាឡើយ។ យើងមានក្ដីរំពឹង ៥០-៥០ ដូចគ្នាទាំងអស់។ យើងនឹងប្រឹងប្រែង ហើយវាជាការប្រកួតប្រជែងធំមួយទៀតសម្រាប់ក្រូអាត”៕ប្រភព៖ DailyMail