Pep ថាខ្លួន​អាច​នឹង​ត្រូវ​បាត់​តំណែង បើ​លេង ១ ទល់ ១ រវាង​ក្រុម​យក្ស​នេះ​អត់​ឈ្នះ

អ្នកចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola បាន​ឲ្យ​តម្រុយ​នៃ​ភាព​អវិជ្ជមាន​ទុក​ជា​មុន​សម្រាប់​តំណែង​របស់​លោក ថា​អាច​នឹង​ត្រូវ​បាត់បង់​ប្រសិន​ណា​ការ​ប្រកួត​នៅ UEFA Champions League ទល់ Real Madrid ​ក្រុម​របស់​លោក​ជា​អ្នក​ចាញ់។

City នឹង​ត្រូវ​តតាំង Los Blancos នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ជើង​ទី ១ នា​ចុង​ខែ​កុម្ភៈ​នេះ ទន្ទឹម​ពេល​ដែល​ស្ថានការណ៍​ក្នុង​លីគ​រដូវ​កាល​ ២០១៩/២០ មេឃ​ខៀវ​កំពុង​រង​គ្រោះ​ខ្លាំង ដោយ​ឡែក​ស្តេច​ស​ឡើង​កូដ​កំពូល​តារាង​នៅ LaLiga។

លោក​បាន​ប្រាប់​សារព័ត៌មាន Sky Sport៖ “ខ្ញុំ​ចង់​ឈ្នះ Champions League ដោយ​ខ្ញុំ​បាន​ស្រមៃ​អំពី​វា ហើយ​ពិត​ជា​រំភើប​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ទល់​ក្លឹប Madrid នា​ពីរ​សប្តាហ៍​បន្ទាប់ ដោយ​ដំណើរការ​នៃ​ការ​ហ្វឹកហាត់​និង​រៀបចំ​នេះ​គឺ​ជា​ពេលវេលា​ដ៏​រីករាយ​បំផុត​មួយ”។

អតីត​អ្នកចាត់ការ Barca បន្ថែម៖ “ប្រសិន​ខ្ញុំ​មិន​អាច​ផ្តួល​ពួក​គេ [Real Madrid] បាន​ទេ នោះ​ប្រធាន​ធំ​ឬ​ប្រធាន​ផ្នែក​កីឡា​នឹង​មក​និយាយ​ថា​លទ្ធផល​វា​ហាក់​មិន​ល្អ​គ្រប់គ្រាន់ ដោយ​យើង​ចង់​បាន Champions League បែប​នេះ​យើង​មាន​តែ​បណ្តេញ​អ្នក​ចេញ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT