ខ្សែប្រយុទ្ធ Dembele បានវះកាត់របួសសរសៃពួររបស់ខ្លួនបានជោគជ័យហើយ ប៉ុន្តែត្រូវសម្រាករហូតដល់៦ខែឯណោះ ទើបអាចចូលហាត់វិញបាន។
កីឡាករបារាំងខាងលើនេះ មានបញ្ហារបួសជាប់រហូត តាំងពីផ្លាស់មកលេងនៅក្រុម Barcelona មក។ ដោយរបួសចង់ក្រោយនេះ គឺជាបញ្ហាសរសៃពួរ ដែលត្រូវឱ្យគេទៅវះកាត់ដល់ប្រទេសហ្វាំងឡង់ឯណោះ។ ក្រោយពីវះកាត់បានជោគជ័យហើយ ក្រុម Barcelona បានប្រកាសថាខ្សែប្រយុទ្ធតម្លៃខ្លួន១៣៥លានផោនរបស់ខ្លួន ត្រូវសម្រាក៦ខែទៀត ទើបអាចចូលលេងវិញបាន។
កីឡាករដែលក្លឹប Barcelona ទិញមកដើម្បីជំនួសតំណែងរបស់ Neymar នេះ តែងតែមានបញ្ហារបួសជាប់ អស់ពីជើងខាងស្ដាំ ចូលជើងខាងឆ្វេង។ សរុបតាំងពីផ្លាស់ចូលមកក្រុមអ្នកមានបុណ្យកាលពីឆ្នាំ២០១៧កន្លងទៅ រូបគេលេងបាន៧៤ប្រកួតដែរ ប៉ុន្តែក្នុង៧៤ប្រកួតនោះ រូបគេលេងបានពេញ៩០នាទី តែ១០ប្រកួតប៉ុណ្ណោះ៕ប្រភព៖ Dailymail