លោក Jordi Mestre អតីតអនុប្រធានក្លឹប Barcelona បាននិយាយថាប្រសិនបើ Neymar ត្រលប់មកលេងនៅក្រុមអ្នកមានបុណ្យវិញ លុះត្រាតែរូបគេសុំទោសក្លឹបនិងអ្នកគាំទ្រជាសាធារណៈសិន។
កីឡាករប្រេស៊ីលខាងលើបានចាកចេញពីក្រុមកាលពីឆ្នាំ២០១៧កន្លងទៅ ជាមួយបញ្ហាខ្លះដែលរូបគេបានបង្កឡើង ដើម្បីបានចាកចេញពីក្រុម។ យ៉ាងណាមិញទៅលេងនៅ PSG បានមួយរយៈនេះ សាមីខ្លួនកាលពីរដូវក្ដៅកន្លងទៅ ព្យាយាមចង់ត្រលប់មកអេស្ប៉ាញវិញហើយ ព្រោះនៅបារាំងខ្លួនហាក់ដូចជាមិនទាន់ជោគជ័យនៅឡើយទេ។
ការចង់ត្រលប់មកក្លឹបចាស់វិញនេះ ត្រូវបានលោក Jordi បញ្ជាក់ថា៖ “ពីអ្វីដែលគាត់ធ្វើ ដើម្បីបានចាកចេញពីក្រុមកន្លងទៅ ខ្ញុំមិនអាចទទួលបានទេ ហើយបើជាខ្ញុំក៏មិនចុះកុងត្រាយកគាត់វិញដែរ។ ប៉ុន្តែសម្រាប់កីឡា យើងត្រូវការខ្សែប្រយុទ្ធដូចជាគាត់មកជួយក្រុម។ ប្រសិនបើគាត់ត្រលប់មកវិញ គាត់ត្រូវតែប្ដូរចរិករបស់គាត់ និងសុំទោសចំពោះអ្វីដែលគាត់បានធ្វើកន្លងមក”៕ប្រភព ៖ Marca