គ្រូ​បង្វឹក​អង់គ្លេស៖ ​យើង​ចង់​ត្រលប់​ទៅ​ផ្ទះ​វិញ ជាមួយ​ពាន World Cup

លោក Gareth Southgate ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​បាន​និយាយ​ថា​ក្រុម​ជម្រើស​ជាតិ ​និង​អ្នក​គាំទ្រ​អង់គ្លេស​ទាំង​អស់ ចង់​ត្រលប់​ទៅ​ផ្ទះ​វិញ​ជាមួយ​ពាន​រង្វាន់ FIFA World Cup 2018 ​នេះ។

អង់គ្លេស​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម​ស៊ុយអែត​ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នា​យប់មិញ​នេះ។ ​Maguire ​តែត​ចូល​ឱ្យ​អង់គ្លេស​នាំ​មុខ​នៅ​តង់​ទី​១ ​ដែល​១​គ្រាប់​នេះ​ពិត​ជា​ធ្វើ​ឱ្យ​អង់គ្លេស​កាន់​តែ​មាន​ទំនុក​ចិត្ត​ថែម​ទៀត។ ស្រប​ពេល​ដែល​តង់​ទី​២ ចូល​ដល់ Alli ​រក​បាន​១​គ្រាប់​ទៀត​នោះ គឺ​រឹត​តែ​ធ្វើ​ឱ្យ​អង់គ្លេស​កក់ក្ដៅ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។

លទ្ធផល​យ៉ាង​ល្អ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​លោក  Southgate ​និយាយ​ថា​៖ “នេះ​ជា​កំណត់ត្រា​ថ្មី​សម្រាប់​ក្រុម​អង់គ្លេស។ យើង​នឹង​បន្ដ​ធ្វើ​វា ​ហើយ​ខ្ញុំ​បាន​ប្រាប់​ទៅ​កីឡាករ​យើង​ថា វា​មិន​មែន​ជា​ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ​ពេល​នេះ​ទេ។ យើង​នៅ​មាន​ការងារ​ធ្វើ​បន្ដ​ទៀត។ បើ​ទៅ​ផ្ទះ យើង​ត្រូវ​មាន​អ្វី​កាន់​នៅ​ដៃ​សិន”។

អង់គ្លេស នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ក្រូអាត ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​FIFA World Cup 2018 ​នេះ ​នៅ​ថ្ងៃ​ទី១២​ខាង​មុខ​នេះ។ ​គ្រូ​បង្វឹក​ខាង​លើ​បាន​បង្ហើប​ចំពោះ​ការ​ប្រកួត​នោះ​ដែរ​ថា ​នឹង​ក្លាយ​ជា​ប្រកួត​សំខាន់​មួយ​ដែលសមាជិក​ក្រុម​ទាំង​មូល​ត្រូវ​ផ្ដោត​អារម្មណ៍​ខ្លាំង​បំផុត។ ក្រូអាត​ជា​ក្រុម​ខ្លាំង​មួយ ដែល​មិន​អាច​មើល​ស្រាល​បាន​ឡើយ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT