លោក Zidane អ្នកចាត់ការក្រុម Real Madrid បាននិយាយថាអ្នកកាសែតតែងតែចង់ឱ្យក្រុមរបស់លោកមានបញ្ហាជាមួយខ្សែប្រយុទ្ធ Gareth Bale ដោយបង្កើតជារឿងរ៉ាវរហូត ប៉ុន្តែវាមិនអាចកើតមានបានឡើយ។
Bale នៅយប់មិញ មានឱកាសបានចូលលេងឱ្យក្រុម Real Madrid វិញហើយ ក្រោយពីខកខានប៉ុន្មានប្រកួតកន្លងមក។ បើទោះជាមានឱកាសបានជាប់ជម្រើស១១នាក់ដំបូងឡើងវិញមែន ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិវែលរូបនេះ ហាក់ដូចជាមិនទាន់អាចធ្វើបានល្អនៅឡើយទេ។ យ៉ាងណាមិញ បើទោះជាលេងមិនល្អ និងត្រូវប្ដូរចេញក៏ពិតមែន ប៉ុន្តែលោក Zidane បញ្ជាក់ថា Bale នឹងអាចដើរតួយ៉ាងសំខាន់សម្រាប់ក្រុមនៅប្រកួតខាងមុខ។
“គាត់ជាកីឡាករសំខាន់។ គាត់មិនបានចូលលេងនៅប៉ុន្មានប្រកួតចុងក្រោយមែន ប៉ុន្តែគាត់លេងនៅប្រកួតនេះដោយទំនុកចិត្ត។ បញ្ហាពេលនេះ គឺពួកគេចង់ឱ្យយើងមានបញ្ហាជាមួយ Bale ប៉ុន្តែជាក់ស្ដែងយើងគ្មានបញ្ហាអ្វីជាមួយគ្នានោះទេ។ គាត់នឹងជួយយើងរហូតដល់ចប់រដូវកាលនេះ”។ សម្ដី Zidane ៕ប្រភព៖ Marca