ក្រុមមិនទាន់បរាជ័យ នឹងប៉ះក្រុមមិនទាន់ឈ្នះ ល្ងាចនេះ តើកំណត់ត្រាពួកគេនឹងបន្តឬបញ្ចប់ ?

ក្នុងថ្ងៃសៅរ៍ ទី ០៧ ខែ កក្កដា ឆ្នាំ ២០១៨នេះ ការប្រកួតសប្តាហ៍ទី ១៣ នៅក្របខ័ណ្ឌលីគកំពូលកម្ពុជា នឹងបន្តទៀតហើយ ខណៈក្រុមកំពូលតារាង បឹងកេត ត្រូវជួបក្រុមបាតតារាងវេស្ទើនភ្នំពេញ វេលាម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិ ។

និយាយអំពីបឹងកេត ពួកគេនៅតែជាក្រុមមិនទាន់ស្គាល់បរាជ័យ ក្រោយឆ្លងកាត់ ១២ប្រកួត ឈ្នះ ៩ ស្មើ ៣ មាន ៣០ពិន្ទុ ឈរពីលើណាហ្គាវើល ២ពិន្ទុ ។

៥ប្រកួតចុងក្រោយរបស់បឹងកេត ឈ្នះអង្គរថាយហ្គឺរ ៤-០ ឈ្នះភ្នំពេញក្រោន ៣-២ ស្មើវិសាខា ១-១ ឈ្នះ ណាហ្គាវើល ៣-២ និងឈ្នះអាស៊ីអឺរ៉ុប ៤-០ ។

Julius និង Maycon ជាដៃគូប្រយុទ្ធល្អបំផុតសម្រាប់បឹងកេត រដូវកាលនេះ ដោយពួកគេស៊ុតបានម្នាក់ ១២គ្រាប់ ត្រឹម ១២ប្រកួត។

វេស្ទើនភ្នំពេញឯនោះវិញ កំពុងស្ថិតក្នុងតំបន់គ្រោះថ្នាក់ ជាបេក្ខភាពដែលងាយនឹងធ្លាក់ទៅលីគទីពីរ ក្នុងមធ្យមភាគខ្ពស់បំផុត ពោលគឺក្រោយពី ១២ប្រកួត ចាញ់ទាំងអស់ ។

៥ប្រកួតចុងក្រោយរបស់វេស្ទើន គឺចាញ់ភ្នំពេញក្រោន ១-០ ចាញ់អាស៊ីអឺរ៉ុប ៦-១ ចាញ់ណាហ្គាវើល ១០-១ ចាញ់ព្រះខ័នរាជស្វាយរៀង ៨-០ និងចាញ់អគ្គស្នងការដ្ឋាននគរបាលជាតិ ៤-០ ។

ជួបគ្នាកាលពីជើងទីមួយ វេស្ទើនភ្នំពេញ ចាញ់បឹងកេត ៣ ទល់នឹង ១ ។

ការប្រកួតផ្សេងទៀតក្នុងថ្ងៃសៅរ៍នេះ គឺណាហ្គាវើល ជួបអគ្គិសនីកម្ពុជា ម៉ោង ៣រសៀល និងព្រះខ័នរាជស្វាយរៀង ទទួល អគ្គស្នងការដ្ឋាននគរបាលជាតិ ម៉ោង ៦ល្ងាច ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT