ខ្សែប្រយុទ្ធ Harry Kane ចង់ឃើញអ្នកគាំទ្រអង់គ្លេសរាប់លាននាក់សប្បាយនៅរាត្រីនេះ ជាមួយការអបអរដោយមានស្រាបៀរនៅហ្នឹងដៃ ជះដាក់គ្នាយ៉ាងសប្បាយរីករាយ។
ក្រុមអង់គ្លេស នឹងត្រូវតតាំងជាមួយក្រុមស៊ុយអែត ដែលល្បីថាខ្លាំងនៅតំបន់ការពារ នាវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2018 ។ អង់គ្លេស ដែលជាប្រទេសល្បីវិស័យបាល់ទាត់ ធ្វើមិនបានល្អនោះទេនៅ World Cup កន្លងមក ប៉ុន្តែលើកនេះវិញ ពួកគេកំពុងតែធ្វើឱ្យអ្នកគាំទ្រសប្បាយរីករាយយ៉ាងខ្លាំង ព្រោះថាបានឡើងដល់វគ្គ៨ក្រុម ហើយប៉ះជាមួយក្រុមមិនសូវខ្លាំង ស៊ុយអែតថែមទៀត។
Kane ប្រធានក្រុមជម្រើសជាតិអង់គ្លេស បាននិយាយមុនការប្រកួតនេះដែរថា៖ “ខ្ញុំក៏ជាអ្នកគាំទ្រម្នាក់របស់អង់គ្លេសដែរ។ ខ្ញុំចង់មានឱកាស ស្រែងហោរដូចប្រកួតមុនៗទៀត។ ទឹកមុខរបស់អ្នកគាំទ្រអង់គ្លេស ពិតជាធ្វើឱ្យកីឡាករសប្បាយណាស់ យើងនឹងឃើញម្ដងទៀតនៅរាត្រីនេះ។ ខ្ញុំមិនទាន់គិតដល់ពានរង្វាន់ឡើយ ប៉ុន្តែយើងនឹងប្រឹងឱ្យដល់គោលដៅ”។
ដោយឡែកលោក Gareth Southgate គ្រូបង្វឹកអង់គ្លេសវិញ បាននិយាយដែរថានេះជាឱកាសល្អបំផុតដែលកម្រមានណាស់។ ដូច្នេះហើយ អង់គ្លេសត្រូវតែចាប់យកឱ្យបាន ដើម្បីសម្រេចគោលបំណង។ ប៉ះស៊ុយអែតនៅយប់នេះ ក៏មិនមែនជាប្រកួតងាយស្រួលដែរ ពួកគេលេងសហការជាក្រុមបានល្អ ដែលធ្វើឱ្យគូប្រកួតតែងតែពិបាកក្នុងការវាយលុកពួកគេ៕ប្រភព៖ DailyMail