David Beckham បានទម្លាយនូវរឿងរ៉ាវចាស់អំឡុងពេលផ្លាស់ចេញពី Manchester United ទៅកាន់ទ្រនំក្លឹប Real Madrid នៅឆ្នាំ ២០០៣ ដោយកាលនោះមានរឿងរ៉ាវមួយចំនួនដែលអ្នករាល់គ្នាមិនបានដឹង។
ជជែកប្រាប់ BBC Radio លោកនិយាយថា៖ “ខ្ញុំលឺចចាមអារ៉ាមខ្លះថាខ្ញុំត្រូវបានលក់ចេញ ហើយគាប់ជួនកំពុងស្ថិតក្នុងពេលលំហែកាយ ស្រាប់តែមិត្តភក្តិខ្ញុំគេតេមកប្រាប់ថា Sky Sports បានចុះផ្សាយថា United ព្រមព្រៀងលក្ខខណ្ឌជាមួយ Barcelona លើការលក់ខ្ញុំចេញហើយ ពេលនោះខ្ញុំប្រាប់ទៅគេភ្លាមថាវាមិនត្រឹមត្រូវទេ”។
ត្រលប់មកក្លឹប Man Utd ពីការសម្រាកវិញ លោកសង្កត់ធ្ងន់ទៀតថា៖ “ខ្ញុំក៏បានហោះមកទីក្រុងឡុងវិញ ហើយព្យាយាមនិយាយជាមួយ Peter Kenyon និងអ្នកចាត់ការ ថាខ្ញុំបាននិយាយជាមួយភ្នាក់ងារខ្ញុំហើយ បើខ្ញុំចេញ គឺមានតែទៅ Madrid មួយទេ លុះប៉ុន្មានថ្ងៃក្រោយមកខ្ញុំអង្គុយជាមួយលោក Florentino Perez ហើយយើងក៏បានព្រមព្រៀងកិច្ចចរចាមួយទៅ”។
គួរបញ្ជាក់ថា Beckham បានរួមរស់ជាមួយស្តេចសអស់រយៈពេល ៤ ឆ្នាំ ដោយរកបាន ១៣ គ្រាប់ (គ្រាប់ក្នុងលីគ) តែនៅរាប់ចូលនាមជាខ្សែបម្រើដ៏ល្អមួយរូបផងដែរ៕
ប្រភព៖ AF