សំណាង! Abidal ​អាច​រក្សា​តំណែង​បាន ​ក្រោយ​ប៉ះ​សម្ដី​ជាមួយ Messi ​

​Abidal ​ក្រោយ​ពី​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លឹប Barcelona ​កាល​ពី​ម្សិលមិញ​នេះ​ចំពោះ​រឿង​ប៉ះ​សម្ដី​ជាមួយ Lionel Messi ​នោះ ​ពេល​នេះ លោក​អាច​រក្សា​ការងារ​ខ្លួន​បាន​ដដែល​ក្នុង​នាម​ជា​មន្ត្រី​បច្ចេកទេស​ក្លឹប។

Abidal ​ដែល​ជា​អតីត​កីឡាករ​ម្នាក់​របស់​ក្រុម​អ្នក​មាន​បុណ្យ ​បាន​និយាយ​ថា​ការ​បណ្ដេញ​លោក Valverde ​ចេញ​ពី​តំណែង​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​មាន​ទាក់ទង​ទៅ​នឹង​កីឡាករ​ដែល​មិន​បាន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព។ ការ​និយាយ​ថា​កីឡាករ​លេង​មិន​អស់​សមត្ថភាព​នេះ​ហើយ ​ទើប​បាន​ជា Messi ​ដឹង​រឿង​នេះ មិន​សប្បាយ​ចិត្ត​នោះ​ទេ។ Messi ​បាន​តប​ទៅ​វិញ​ថា ​ចង់​ឱ្យ​លោក Abidal ​និយាយ​ត្រង់​ថា​នរណា​ដែល​លេង​មិន​អស់​ពី​សមត្ថភាព ​កុំ​និយាយ​ពាក្យ​កីឡាករ ដែល​សំដៅ​លើ​ក្រុម​ទាំង​មូល​ដូច្នេះ។ ​ប្រធាន​ក្រុម​រូប​នេះ ​បាន​បញ្ជាក់​ទៀត​ថា​កីឡាករ​លេង​ចាញ់ ជា​ទំនួល​ខុស​ត្រូវ​កីឡាករ ​ហើយ​គ្រូ​បង្វឹក​ដឹក​នាំ​មិន​ល្អ ក៏​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ដែរ។

​ប៉ះ​ពារ​សម្ដី​គ្នា​នេះ ​បាន​ធ្វើ​ឱ្យ​លោក Bartomeu ​ត្រូវ​ហៅ Messi ​មក​និយាយ​គ្នា​ភ្លាម​ៗ ​មុន​ពេល​ទៅ​ជួប​ជាមួយ Abidal ​ទៀត។ ​ក្រោយ​សម្រួល​គ្នា​ជា​ច្រើន​ម៉ោង​មក ពេល​នេះ Abidal ​ក៏​យល់ ​ហើយ​រូបគេ​ក៏​មិន​ត្រូវ​បាន​ដក​តំណែង​ចេញ​ពី​ការងារ​នោះ​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT