Odegaard ​៖ Sociedad  ​អាច​យក​ឈ្នះ Real Madrid ​បាន​

​​ក្រុម Real Madrid ​នឹង​ត្រូវ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ Real Sociedad ​នៅ​យប់​ស្អែក​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​ខ្សែ​ប្រយុទ្ធOdegaard ​របស់​ក្រុម Real Madrid ​ដែល​ត្រូវ​ក្លឹប Real Sociedad ​ខ្ចី​ជើង​ទៅ​នោះ ​ក៏​អាច​ចូល​លេង​នៅ​ប្រកួត​នេះ​បាន​ដែរ ​ហើយ​រូបគេ​គិត​ថា​ប្រកួត​នេះ​នឹង​កាន់​តែ​ជក់​ចិត្ត​ខ្លាំង​មិន​ខាន។ ​មួយ​វិញ​ទៀត ​កីឡាករ​វ័យ​ក្មេង​រូប​នេះ ​បញ្ជាក់​ច្បាស់​ថា​ខ្លួន​នឹង​លេង​អស់​ពី​សមត្ថភាព ​បើ​ទោះ​ជា​ត្រូវ​លេង​ទល់​ក្លឹប Real Madrid ​ដែល​ជា​ក្លឹប​ខ្លួន​ឯង​ក៏​ដោយ។

Odegaard ​បាន​បន្ថែម​យ៉ាង​នេះ​ទៀត​ថា​៖ “មក​ដល់​វគ្គ​នេះ​ហើយ ​យើង​អាច​ធ្វើ​គ្រប់​យ៉ាង ដើម្បី​បញ្ជាក់​ថា​យើង​អាច​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត។ ខ្ញុំ​ដឹង​ថា​វា​នឹង​ក្លាយ​ជា​ប្រកួត​ពិបាក​មួយ ប៉ុន្តែ​យើង​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​បាន ​គឺ​ជា​រឿង​ដែល​យើង​ត្រូវ​ធ្វើ​។ ​យើង​បាន​បង្ហាញ​ហើយ​ថា​ក្រុម​របស់​យើង ​ពិត​ជា​អាច​ធ្វើ​បាន​នៅ​ពេល​កន្លង​មក”។

រំលឹក​ថា Real Sociedad ​រដូវ​កាល​នេះ​លេង​នៅ​ទឹកដី Real Madrid ​កាល​ពី​លីគ La Liga ​នោះ ​ពួកគេ​បរាជ័យ​ក្នុង​លទ្ធផល ​៣-១។ ​តែ​ក្រុម​នេះ ​ក៏​ធ្លាប់​ធ្វើ​ឱ្យ Real Madrid ​ចុក​ចាប់​ផង​ដែរ ​កាល​ពី​រដូវ​កាល​មុន ពួកគេ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ​ឯ​ណោះ​តែ​កាល​នោះ​លេង​នៅ​ទឹក​ដី​របស់​ពួកគេ​៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT