“ប្រយុទ្ធ ៣ រូប​របស់ Liv គួរ​លក់​ចេញ​មួយនេះ​ប្តូរ​យក Mbappe/Sancho ចូល​វិញ” – Darren Bent

អតីត​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​នៅ​ជម្រើស​ជាតិ​អង់គ្លេស​លោក Darren Bent បាន​ណែនាំ​ឲ្យ Liverpool គួរ​លក់​ចេញ​តារា​ឆ្នើម​មួយ​រូប​គឺ Mohamed Salah ​និង​ពិចារណា​នាំ​យក Mbappe ឬ Sancho មក​វិញ។

ជជែក​ជាមួយ​សារព័ត៌មាន TalkSPORT លោក Bent និយាយ​ថា៖ “ស្តាប់​ណា យើង​ដឹង​ថា Salah គេ​ស៊ុត​បាន​ច្រើន​គ្រាប់ និង​ជា​កីឡាករ​កំពូល​ពិតមែន ដោយ​បាន​ឈ្នះ​ស្បែក​ជើង​មាស ២ លើក ឈ្នះ Champions League ឈ្នះ​នាម​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល និង​ត្រៀម​នឹង​ឈ្នះ​ពាន Premier League ថែម​ទៀត ប៉ុន្តែ​បើ​មើល​ការ​លេង​ទូទៅ​របស់​គេ​គឺ​ខ្ញុំ​ថា Mane ល្អ​ជាង​ Salah ព្រោះ​កម្រិត​នៃ​ការ​សហការ​ក្នុង​ក្រុម គឺ Mane គេ​មិន​អាត្មានិយម តែង​គិត​ដល់​អ្នក​ដទៃ​ជា​មុន បែប​នេះ​អ្នក​មិន​អាច​លក់​ចេញ Mane ទេ”។

លោក​បន្ថែម៖ “ដោយ​ឡែក​ Firmino ត្បិត​គេ​មិន​បាន​ស៊ុត​បញ្ចូល​ទី​ច្រើន​គ្រាប់ តែ​ការ​លេង​របស់​គេ​ភ្ជាប់​ទៅ​កាន់​ក្រុម​ទាំង​មូល ដោយ​គេ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ អ៊ីចឹង​បើ​យើង​គិត​លើ Salah តើ​គេ​ពិត​មាន​ការ​សហការ​ជាមួយ Mane និង Firmino ឬ​គេ​ត្រឹម​សម្លឹង​ការ​ស៊ុត​បាល់​បន្ថែម”។

“ខ្ញុំ​ឃើញ​ស្ថានភាព​មួយ​ចំនួន​ហើយ ដោយ​ពេល​ខ្លះ​គាត់​គួរ​តែ​បញ្ជូន​បាល់ តែ​បែរ​ជា​យា​ជើង​ស៊ុត​វិញ បែប​នេះ​មិនមែន​ចង់​លក់​គេ​យក​លុយ ១០០ លាន​ផោន​ទេ តែ​ប្រសិន​ជា​អាច​ជំនួស​គេ​ដោយ Mbappe ឬ Jadon Sancho បាន ប្រហែល​ជា​ល្អ”៕

ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT