ហេតុអ្វី​ អ្នក​គាំទ្រ​​កម្ពុជា​​មិន​ត្រូវ​ខកខាន​ទស្សនា ONE: WARROR’S CODE

នៅ​ថ្ងៃ​​សុក្រ​ទី​ ​៧ ​ខែ ​កុម្ភៈ​ ​នេះ​​ កម្មវិធី​​ ONE: WARRIOR’S CODE ​​​ត្រូវ​រៀប​ចំ​នៅ​​ក្រុង​ ហ្សាកាតា​ប្រទេស​ឥណ្ឌូណេស៊ី​លើក​ដំបូង​សម្រាប់​ឆ្នាំ​ ២០២០ ​ដោយ​ចាប់​ពី​ម៉ោង ៦​:៣០ ល្ងាច​តទៅ។ ​អ្នក​គាំទ្រ​កម្ពុជា​មិន​អាច​ខក​ខាន​ដើម្បី​ទស្សនា​​​​បាន​ឡើយ​ដោយ​សារ​មាន​គូ​ប្រកួត​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក ​និង ​មាន​កីឡាករ​ ខុន ស៊ីចាន់ ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ទៀត​ផង​ នា​ថ្ងៃ​សុក្រ​​នេះ។ ​ខុន ស៊ីចាន់ដែល​ជា​កូន​សិស្ស​មក​ពី​ Phnom Penh MMA ​​ត្រូវ​ប្រឈម​នឹង​ ​កីឡាករ​ម្ចាស់​ផ្ទះ​​ជំនាញ​ចំបាប់​ឥណ្ឌូណេស៊ី​ Eko Roni Saputra។ ​

1# Petchmorakot ប៉ះ Detrit ​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក

Petchmorakot Petchyindee Academy នឹង​​ឡើង​មក​ជួប​​​​មិត្ត​រួម​ជាតិ​ថៃ Detrit Sathian Muay Thai ​​ដើម្បី​​ដណ្ដើម​ខ្សែ​ក្រវាត់​កម្រិត​​ពិភព​លោក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ ​Petchmorakot នឹង​ជួប​កីឡាករ​វ័យ​ ២៩ ឆ្នាំ​ ​Detrit ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Featherweight Muay Thai World Title ​ដែល​គេ​សម្ពោធ​ឲ្យ​​ដណ្ដើម​លើក​ដំបូង​នៅ​ក្រុង​ហ្សាកាតា​ប្រទេស​ឥណ្ឌូណេស៊ី។ ​ Detrit ​ទទួល​បាន​ការ​កោះ​ហៅ​ប្រថុចញ៉ុច​ ​ពោល​ត្រឹម ៨ ​ថ្ងៃ​មុន​ការ​ប្រកួត​ប៉ុណ្ណោះ​ ​ដោយ​សារ​កម្មវិធី​មាន​ការ​ផ្លាស់​ប្ដូរ​ភ្លាមៗ ​ប៉ុន្តែ​ ​រូប​គេ​មិន​ស្ទាក់ស្ទើរ​​ឡើយ​ដើម្បី​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ដំបូង​នៅ ONE Super Series​ នេះ​ឡើយ។

Detrit  ថ្លែង​ថា៖«​​អ្នក​ចាត់​ការ​របស់​ខ្ញុំ​ប្រាប់​ថា​ ONE Championship ​ផ្ដល់​ឲ្យ​​ខ្ញុំ​ចំពោះ​ការ​ប្រកួត​​ World Championship ​តែ​ខ្ញុំ​មាន​អន្ទះអន្ទែង​ណាស់។ ​ព្រោះ ONE Championship ​ជា​ស្ថាប័ន​កីឡា​​ធំ​បំផុត​មួយ​ក្នុង​លោក។ ​យ៉ាង​ណា​ក្ដី ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​​ខ្ញុំ​ស្ថិត​ក្នុង​​ផ្នែក​នៃ​ការ​ប្រកួត​​ដ៏​ធំ​នេះ។ គាត់​ទើប​ប្រាប់​ខ្ញុំ​នា​ថ្ងៃ​ទី ​៣០ មករា ប៉ុណ្ណោះ។ ​ខ្ញុំ​គេង​មិន​លក់​​សោះ​ពេល​នោះ​ និង​ ​​ចាប់​ផ្ដើម​ហ្វឹកហាត់​ខ្លាំង​ដូច​រាល់​ដង។ ​បែប​​ណា​ក៏​ដោយ​ខ្ញុំ​សប្បាយ​ចិត្ត។ ខ្ញុំ​ជឿជាក់​សើ​សមត្ថភាព​របស់​ខ្ញុំ ១០០%»។

Detrit មិន​មាន​ពេល​ច្រើន​ដើម្បី​រៀប​ចំ​ប៉ុន្តែ ​រូប​គេ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ចំពោះ​ការ​ប្រកួត​ដោយ​សារ​ការ​​ប្រកួត​ចុង​ក្រោយ​របស់​គេ​​ធ្វើ​ឡើង​កាល​ថ្ងៃ​ទី ១៧ ខែ មករា។ ​Detrit ពិត​ជា​មិន​ធម្មតា​ទេ ​ព្រោះ​​មាន​កំណត់​ត្រា​ឈ្នះ​ក្នុង​ការ​​ប្រកួត​រហូត​ដល់​ ១៣៩ ​ចាញ់​ ៤៤ ​លើក និង​ ស្មើ ២ លើក។ ចំណែក​ជើង​ខ្លាំង​ Petchmorakot ​មាន​កំណត់​ត្រា​​ប្រកួត​ឈ្នះ​ ១៥៨ ដង ចាញ់ ៣៥ ​ដង និង ស្មើ ២ ដង។ ​តើ​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី ​ ONE Featherweight Muay Thai World Title ជា​នរណា​នា​ថ្ងៃ​សុក្រ​នេះ?

2# ​ទម្ងន់​ Middleweight ​​គួរ​ចាប់​ចាប់​អារម្មណ៍

ការ​ប្រកួត​គូ​ឯក​រង​​រវាង​ Leandro Ataides ឬ ឈ្មោះ​​ក្រៅ Wolf និង Reinier De Ridder ឬ ឈ្មោះ​ហៅ​ក្រៅ The Dutch Knight។ ​កីឡាករ​ទម្ងន់​ Middleweight ទាំង​ពីរ​នឹង​​បង្កើត​ភាព​ជក់ចិត្ត​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​មុន​ឈាន​ដល់​គូ​ឯក​ដណ្ដើម​ខ្សែ​ក្រវាត់។ ​កីឡាករ​ប្រេស៊ីល Leandro ​​​បាន​បង្កើត​កំណត់​មិន​អន់​​នោះ​ទេ​នា​ពេល​កន្លង​ទៅ​​ក្នុង​វិស័យ​គុន​ចម្រុះ​ដោយ​ឈ្នះ ១១​លើក ​​និង​ ចាញ់ ​៣​ លើក ស្រប​ពេល​ Reinier ​​កីឡាករ​សញ្ជាតិ​ហូឡង់ ​មាន​​កំណត់​​ត្រា​រឹត​តែ​ល្អ​ឥត​ខ្ចោះ ពោល​ ​​ឈ្នះ ទាំង ១១ ​ដង ក្នុង​ការ​ប្រកួត​ ១១ លើក។ ​តើ ​កីឡាករ​រហស្ស​នាម The Dutch Knight អាច​​បន្ត​កំណត់​ត្រា​បន្ថែម​ ឬ យ៉ាង​ណា? ​

 

3# ខុន ស៊ីចាន់ ​ជា​កីឡាករ​ម្នាក់​របស់​កម្ពុជា​ត្រូវ​តាម​ដាន​ខ្លាំង

ខុន ស៊ីចាន់ ​ជា​អ្នក​លេង​គុន​ចម្រុះ​ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​ប្រទេស​និង​ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ដែល​ឡើង​សង្វៀន​អន្តរជាតិ ONE ​មុន​គេ​ឆ្នាំ ​២០២០។ ​ស៊ីចាន់ ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់ Khmer Warrior Challenge ​ ​វគ្គ​ទី១ ឆ្នាំ ២០១៣ ​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ចំបាប់​ជម្រើស​ជាតិ​​ឥណ្ឌូណេស៊ី​ Eko Roni Saputra ​ក្នុង​កម្មវិធី​ខាង​លើ។ ស៊ីចាន់ ធ្វើ​មិន​បាន​ល្អ​ឡើយ​ក្នុង​ពីរ​លើក​កន្លង​មក​ដោយ​​សន្លប់​ក្រោម​​​ក្បាច់​ឃ្លេ​របស់​ Rudy Agustian និង Roshan Mainam ​ត្រឹម​ទឹក​ទី១​ ដូច​គ្នា​នៅ​ឆ្នាំ ២០១៩។ ​អ្នក​គាំទ្រ​កម្ពុជា​​ជា​ច្រើន​ម៉ឺន​នាក់​​កំពុង​រង់​ចាំ​​មើល​ថ្វី​ដៃ​​ថ្មី​របស់​ កីឡាករ​វ័យ​ ៣២ ឆ្នាំ​រូប​នេះ​។ ​មុន​ឡើង​សង្វៀន​ ​ស៊ីចាន់ បញ្ជាក់​បែប​​ថា ​៖«លើក​​នេះ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ច្រើន ​ព្រោះ​ Eko Roni ​មាន​ក្បាច់​​ឃ្លេ​​នៅ​អន់​មិន​ដូច​ Rudy ​និង Mainam ​ដែល​​ខ្ញុំ​ជួប​កន្លង​ទៅ​ឡើយ»។ ​ស៊ីចាន់ មាន​កំណត់​ត្រា​​ឈ្នះ ៣​ និង ចាញ់​ ៥ លើក​នៅ​សង្វៀន​ គុន​ចម្រុះ ​ស្រប​​ពេល​ Saputra ​​មាន​កំណត់​ត្រា​ឈ្នះ ១ លើក និង ចាញ់​ ១​លើក​ លើ​សង្វៀន ONE Championship ​កន្លង​មក។

​​គ្រប់​គ្នា​រង់​ចាំ​មើល ​ថា​តើ ស៊ីចាន់ ​អាច​ត្រលប់​មក​រក​ភាព​​ឈ្នះ​​ទល់​នឹង Eko Roni Saputra ដូច​កាល​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​ Riski Umar ឬ យ៉ាង​ណា?

4#​ កីឡាករ​ក្នុង​ស្រុក​ឥណ្ឌូណេស៊ី​ចាប់​ផ្ដើម​បញ្ចេញ​ឫទ្ធិ

ក្រៅ​ពី​​​​ការ​ប្រកួត​គូ​ឯក​ ​ក៏​​មាន​គូ​ប្រកួត ​​​កីឡាករ​ក្នុង​ស្រុក​​​របស់​ឥណ្ឌូណេស៊ី​រហូត​ដល់​ ៧ នាក់​ផ្សេង​ប្រឈម​នឹង​គូ​ប្រជែង​​ដើម្បី​​ញុំាង​ឲ្យ​សង្វៀន​ Istora Senayan ​នៃ​​ក្រុង​ហ្សាកាតា​កាន់​តែ​រំភើប​ញាប់ញ័រ។ ​​គេ​ដឹង​ច្បាស់​ថា​ ​អ្នក​គាំទ្រ​ឥណ្ឌូណេស៊ី​ នឹង​ទៅ​គាំទ្រ​យ៉ាង​ច្រើន​កុះករ​នៅ​សង្វៀន​​​ផ្ទាល់​​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​របស់​ខ្លួន។ ​​

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT