Morata ​មិន​អាច​ជួយ​ក្រុម AT Madrid ​លេង​ទល់ Liverpool ​បាន​ទេ​

​ខ្សែ​ប្រយុទ្ធ​ Alvaro Morata ​មិន​អាច​ជួយ​ក្រុម Atletico Madrid ​លេង​ទល់​ក្រុម Liverpool ​បាន​ទេ ​ក្នុង​ការ​ប្រកួត UEFA Champions League ​នៅ​ចុង​ខែ​កុម្ភៈ​នេះ ​ដោយសារ​តែ​រូបគេ​មាន​របួស។

​របួស​របស់ Morata ​នេះ​កើត​ឡើង​អំឡុង​ពេល​រូបគេ​លេង​ទល់​ក្រុម Real Madrid ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ​របួស​ជើង​ខាង​ស្ដាំ​នេះ មិន​ទាន់​អាច​បញ្ជាក់​ថា​នឹង​ត្រូវ​សម្រាក​ប៉ុន្មាន​នោះ​ទេ តែ​អ្វី​ដែល​ច្បាស់​នោះ​គឺ​រូបគេ​នឹង​មិន​អាច​លេង​បាន​ឡើយ ​ក្នុងការ​ប្រកួត​ទល់​ក្រុម Liverpool ​នៅ​ថ្ងៃ​ទី១៨​ខែ​កុម្ភៈ​ឆ្នាំ​២០២០​ខាង​មុខ​។ មិន​ត្រឹម​តែ​ម្នាក់​នេះ​ទេ ​សូម្បី​តែ Diego Costa ​និង Joao Felix ​ក៏​មិន​អាច​ចូល​ជួយ​ក្រុម​បាន​ដែរ ដោយសារ​របួស​មិន​ទាន់​ជា​សះស្បើយ។

​ក្រុម​របស់​លោក Simone ​កំពុង​មាន​បញ្ហា​ខ្សែ​ប្រយុទ្ធ​របួស​អស់​ទៅ​ហើយ។ ​ខណៈ​ដែល​លទ្ធផល​ចាញ់​ក្រុម Real Madrid ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ​បាន​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ដល់​លេខ​៦​ក្នុង​តារាង La Liga ​ផង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT