ប្រេស៊ីល ​ធ្លាក់​ពី World Cup ​យប់មិញ​នេះ  ជា​សុបិន​អាក្រក់​បំផុត

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FIFA World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី​ហើយ បន្ទាប់​ពី​ពួកគេ​ចាញ់​ក្រុម​បែលហ្សិក​ក្នុង​លទ្ធផល ២-១។

ក្រុម​ទាំង​សង​ខាង​មាន​ឱកាស​រក​គ្រាប់​បាល់​ដូច​គ្នា ប៉ុន្តែ​ខាង​ក្រុម​បែលហ្សិក​ហាក់​ដូចជា​មាន​សំណាង​ច្រើន​ជាង ដោយ​អាច​រក​គ្រាប់​បាល់​បាន​២​គ្រាប់​មុន​ឯ​ណោះ។ យ៉ាងណាមិញ ​ការ​ប្រឹងប្រែង​ស្វែង​រក​គ្រាប់​បាល់​តាម​វិញ​នោះ គឺ​ប្រេស៊ីល​រក​បាន​១​គ្រាប់​ដែរ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ពួកគេ​ឡើង​វគ្គ​បន្ដ​ឡើយ។ ចប់​ការ​ប្រកួត ប្រេស៊ីល​ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​ឯង។

ការ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​នៅ​តំបន់​អឺរ៉ុប​លើក​នេះ គឺ​ជា​បរាជ័យ​ទី​៤​ហើយ​សម្រាប់​ប្រេស៊ីល​ដែល​ធ្លាក់​ដោយសារ​តែ​ក្រុម​មក​ពី​តំបន់​អ្នក​មាន​លុយ​ច្រើន​នេះ។ ដោយ​ឆ្នាំ ២០០៦ ​ពួកគេ​ធ្លាក់​ដោយសារ​ក្រុម​បារាំង ​ឆ្នាំ ២០១០ ធ្លាក់​ដោយសារ​ក្រុម​ហុល្លង់ ​ឆ្នាំ ២០១៤ ធ្លាក់​ដោយសារ​ក្រុម​អាល្លឺម៉ង់ និង​ឆ្នាំ​២០១៨​នេះ ​ធ្លាក់​ដោយសារ​ក្រុម​បែលហ្សិក។

មួយ​វិញ​ទៀត ​ដោយសារ​តែ​ប្រេស៊ីល​និង​អ៊ុយរុយហ្គាយ​ធ្លាក់​យប់​នេះ​ទៅ ដូច្នេះ​ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2018 ​នេះ គឺ​នៅ​សល់​តែ​ក្រុម​នៅ​តំបន់​អឺរ៉ុប​ទាំង​អស់។ ខណៈ​ដែល​ក្រុម​មក​ពី​តាម​ទ្វីប​ផ្សេង​ទៀត គឺ​ធ្លាក់​ចេញ​អស់​ហើយ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT