​ម្ចាស់​ក្លឹប AT Madrid ​ផ្ដល់​ទំនុក​ចិត្ត​១០០​%​លើ Simeone ​

​លោក Enrique Cerezo ​ប្រធាន​ក្លឹប Atletico Madrid ​បាន​ផ្ដល់​ទំនុក​ចិត្ត​១០០​%​លើ​ការ​ដឹក​នាំ​របស់​លោក Simeone ​បើ​ទោះ​ជា​២​ប្រកួត​ចុង​ក្រោយ​ប៉ះ​ក្រុម​ខ្សោយ​តែ​លេង​មិន​ល្អ​ក៏​ដោយ។

​លោក Simeone ​ក្ដៅ​កៅអី​ក្រោយ​ពី​ដឹក​នាំ​ក្រុម AT Madrid ​ចាញ់​ក្រុម​លីគ​លំដាប់​ទី​៣ Cultural Leonesa ​ក្នុង​ពាន​រង្វាន់ Copa del Rey ​និង​លេង​ស្មើ​ក្រុម Leganes ​ថែម​ទៀត​នៅ La Liga ​។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Cerezo ​ដែល​ជា​ប្រធាន​ក្លឹប​បាន​បញ្ជាក់​ថា​ថ្នាក់​លើ​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​នេះ​ដដែល។ ​

​បុរស​ដែល​ជា​ម្ចាស់​ក្លឹប​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “​ការ​រិះគន់​ហាក់​ដូចជា​មិន​យុត្តិធម៌​សោះ​សម្រាប់​ខ្ញុំ​។ គាត់​ជា​គ្រូ​បង្វឹក​ដែល​ផ្ដល់​ឱ្យ​ក្រុម​បាន​យ៉ាង​ច្រើន។ គ្មាន​ក្លឹប​ណា​ផ្ដល់​ឱកាស​ដល់​គ្រូ​បង្វឹក​បាន​ច្រើន​ឆ្នាំ​ដូច​យើង​នោះ​ទេ​នៅ​អេស្ប៉ាញ។ ​យើង​មិន​សង្ស័យ​គាត់​ឡើយ ​យើង​នឹង​ផ្ដល់​ទំនុក​ចិត្ត​ឱ្យ​គាត់​កាន់​តែ​ខ្លាំង​ថែម​ទៀត”។

Diego Simeone ​វ័យ​៤៩​ឆ្នាំ​ដឹក​នាំ​ក្រុម AT Madrid ​រយៈ​ពេល​៨​ឆ្នាំ​មក​ហើយ។ ​លោក​បាន​ជួយ​ក្រុម​នេះ​ឈ្នះ La Liga ​១​ដង Copa del Rey ​១​ដង UEFA Europa League ​២​ដង ​និង UEFA Super Cup ​១​ដង៕ប្រភប៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT