Piatek កំពុង​ត្រូវ​ប៉ាន់ ខណៈ​ក្លឹប​យក្ស ២ ក្រៅ​ដី​អ៊ីតាលី​ដាក់​ចិត្ត​ចង់​បាន

បន្ទាប់​ពី​ការ​វិល​ត្រលប់​ចូល​ក្រុម​របស់ Zlatan Ibrahimovic ភាព​លេចធ្លោ​របស់ Krzyztof Piatek ក៏​មិន​ផុស​ខ្លាំង​ទៀត​នោះ​ដែរ ញាំង​ឲ្យ​កីឡាករ​សញ្ជាតិ​ប៉ូឡូញ​កំពុង​ខ្វាត់ខ្វែង​រក​ផ្លូវ​ចាកចេញ ឆ្លើយតប​នឹង​កត្តា​អាយុ​របស់​គេ​ក៏​មិន​ទាន់​ជា​ក្រាស់ក្រែល​ផង​នោះ។

បច្ចុប្បន្ន​មាន​ក្លឹប ២ ដែល​កំពុង​សម្លឹង​ចង់​បាន Piatek ដោយ​រួម​មាន PSG និង Manchester United។ ចំពោះ​តម្លៃ​ខ្លួន​មិន​ទាន់​ត្រូវ​បាន​បង្ហើប​នៅ​ឡើយ តែ​ភាគរយ​ច្រើន​ការ​ចរចា​ចង់​សម្រេច​ឲ្យ​បាន​ត្រឹម​ខែ​មករា ឆ្នាំ ២០២០។

សម្រាប់ United គឺ​ត្រូវ​ការ​ប្រព័ន្ធ​ប្រយុទ្ធ​ថ្មី​ជា​ចាំ​បាច់ ព្រោះ​បន្ទាប់​ពី​ការ​ចាកចេញ​របស់ Romelu Lukaku ទៅ ហាក់​ពឹង​ផ្អែក​ខ្លាំង​តែ​លើ Marcus Rashford មួយ​គត់ ជា​អ្នក​បញ្ចប់​ទី។

ចំណែក​ឯ PSG ក្រោយ​ល្ហិចល្ហៀង​ថា Edinson Cavani ចង់​ទៅ ក៏​ប្រញាប់​ស្វែងរក​កង់​ស្រគួរ ហើយ​ Piatek គឺ​ជា​គោលដៅ​សក្តិសម​បំផុត​មួយ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT