ក្លឹប Juventus បានបញ្ជាក់ថានឹងប្រកាសពីការចុះកុងត្រាយក Cristiano Ronaldo ឬអត់នៅថ្ងៃសៅរ៍ស្អែកនេះ នាកីឡដ្ឋានរបស់ខ្លួនផ្ទាល់ ឬនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
ដំណឹង Ronaldo ទៅ Juventus ក្នុងតម្លៃ១០០លានអឺរ៉ូ កើតឡើងខ្លាំង បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបញ្ចប់ភារកិច្ចនៅព្រឹត្តិការណ៍ FIFA World Cup 2018 ។ ខណៈដែលសាមីខ្លួនផ្ទាល់ និងក្លឹប Real Madrid ក៏មិនបានបង្ហាញការបដិសេធចំពោះដំណឹងនេះផងដែរ។ ដោយនេះគឺខុសពីរាល់ដង ដែលក្លឹប Real Madrid តែងតែចេញមកបដិសេធជានិច្ច ចំពោះរឿងដែលអ្នកកាសែតចុះផ្សាយហើយ តែក្លឹបមិនបានធ្វើនោះ។
លោក Jorge Mendes ភ្នាក់ងារទីផ្សាររបស់ Ronaldo បាននិយាយចំពោះរឿងទៅ Juventus ដែរថា ប្រសិនបើ Ronaldo ចង់ចាកចេញពី Real Madrid នោះ គឺជាការចង់ទទួលបានបទពិសោធថ្មី។ យ៉ាងណាមិញ អ្នកទាំងអស់គ្នានឹងដឹងច្បាស់នៅថ្ងៃសៅរ៍ខាងមុខនេះ។
ចំពោះការផ្លាស់ទៅនេះដែរ អ្នកកាសែតនៅអ៊ីតាលីបានចេញមុខមកបញ្ជាក់ដែរថា ក្លឹបទាំងពីរបានចរចាត្រូវគ្នាអស់ហើយ។ ខណៈដែលកីឡាករផ្ទាល់ក៏បានរកកន្លែងស្នាក់នៅ ក្នុងទីក្រុង Turin រួចរាល់ហើយដែរ៕ប្រភព៖ DailyMail