Barcelona ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ម្នាក់​តម្លៃ​២​លាន​អឺរ៉ូ

​ក្រុម FC Barcelona ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ម្នាក់​ឈ្មោះ​ថា Rey Manaj ​ពី​ក្រុម Albacete ​លេង​នៅ​លីគ La Liga 2 ​ក្នុង​តម្លៃ​ខ្លួន​២​លាន​អឺរ៉ូ។

កីឡាករ​វ័យ​២២​ឆ្នាំ​ខាង​លើ​នេះ ​នឹង​ត្រូវ​លេង​ក្នុង​ក្រុម Barcelona B ​ហើយ ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ថ្មី​របស់​គេ​នៅ​ក្លឹប​អ្នក​មាន​បុណ្យ​នេះ ​ឡើង​ដល់​៥០​លាន​អឺរ៉ូ​ទៅ​ហើយ គ្រាន់​តែ​មក​ដល់​ភ្លាម។  Manaj ធ្លាប់​លេង​នៅ​ក្លឹប​ធំ​ៗ ​ច្រើន​ដែរ ដូចជា​Inter Milan , Pescara ​និង Granada ​ជា​ដើម។ រូបគេ​នឹង​ត្រូវ​លេង​នៅ​ឈុត​ទី​២​សិន ​ហើយ​ប្រសិន​បើ​លេង​ល្អ ​នឹង​អាច​ឡើង​មក​លេង​ក្រុម​ធំ​តែ​ម្ដង។

ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ ត្រឹម​វ័យ​២២​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​រូបគេ​បាន​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​អាល់បានី​តាំង​ពី​ឆ្នាំ ២០១៥​មក​ម្ល៉េះ​ដោយ​បង្ហាញ​ខ្លួន​បាន​១១​ប្រកួត ​និង​រក​បាន​៣​គ្រាប់​ដែរ។ ​នៅ​ក្លឹប​អាជីព  Albacete ​២​ឆ្នាំ ​រូបគេ​លេង​បាន​៣៩​ប្រកួត រក​បាន​៩​គ្រាប់៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT