ចាត់​ទុកភ្នំពេញ​ក្រោន​ជា​ផ្ទះ​ទី​២របស់​ខ្លួន សុខ​ សុវណ្ណបន្ត​កិច្ចសន្យាអចិន្ត្រៃយ៍

ខ្សែ​ការពារ​សុខ​ សុវណ្ណបាន​បន្ត​កុងត្រា​ជាមួយ​ភ្នំពេញ​ក្រោនជា​អចិន្រ្តៃយ៍ហើយ​សម្រាប់​រដូវ​កាល​នេះ​ បន្ទាប់​ពី​ចាក​ចេញ​ពី​ក្លិប​វិសាខា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​រដូវ​កាល​មុននា​ជុំ​ទី​២​ក្នុង​ពាន​រង្វាន់​ Metfone Cambodian League ។

សុខ​ សុវណ្ណបាននិយាយក្នុង​វេបសាយ​របស់​ក្លិបអំពីការ​ប្រកួតប្រជែងក្នុង​លីគ​និងហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រជែងយកកៅអី១១នាក់ដំបូងនារដូវកាលថ្មីដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី១៥ ខែកុម្ភៈថា៖«ខ្ញុំបានព្រមព្រៀងជាអចិន្ត្រៃយ៍ដើម្បីស្នាក់នៅ ភ្នំពេញក្រោន ស្របពេលខ្ញុំមានអារម្មណ៍សប្បាយរីករាយនៅទីនេះ។ ខ្ញុំគិតថាវាដូចជាគ្រួសារទី២ របស់ខ្ញុំ»។

រូប​គេបាន​បន្តទៀត​ថា៖«ខ្ញុំមិនច្បាស់ទេថាខ្ញុំនឹងទទួលបានកៅអី១១នាក់ដំបូងរហូតនោះ ព្រោះនឹងមានប្រកួតជាច្រើនត្រូវលេង ដូច្នេះយើងត្រូវតែធ្វើការឆ្លាស់កីឡាករ។ ខ្ញុំត្រូវប្រឹងប្រែងហ្វឹកហាត់ដើម្បីបង្ហាញពីគុណភាពរបស់ខ្ញុំដើម្បីធ្វើឱ្យគ្រូបង្វឹកលោក វណ្ណា ទុកចិត្តខ្ញុំ»។ ខ្សែការពារកណ្តាលរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំជឿជាក់លើគ្រូបង្វឹក ហើយខ្ញុំគិតថាគាត់អាចដោះស្រាយបញ្ហាដែលយើងមានពីរដូវកាលមុន ដូច្នេះខ្ញុំសង្ឃឹមថាយើងអាចប្រជែងដណ្តើមជើងឯកលីគរដូវកាលនេះបាន។

ខ្សែការពារវ័យ២៧ឆ្នាំរូបនេះ បង្ហាញខ្លូនបាន១៣លើកសម្រាប់ ភ្នំពេញក្រោន កាលពីរដូវកាលមុន ដោយ​បាន​ជួយក្លិប​ឡើង​វគ្គ​ពាក់​កណ្ដាលផ្ដាច់​ព្រ័ត្រពាន​រង្វាន់ Hun Sen Cup 2019 ៕

 

ប្រភព៖ភ្នំពេញ​ក្រោន

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT