កីឡាករ​ឈុត B – Puig និយាយ​អ្វី​ខ្លះ ក្រោយ​ Setien ដាក់​ឲ្យ​លេង​ឈុត​ធំ​ជា​លើក​ដំបូង​យប់​មិញ

អ្នកចាត់ការ​ថ្មី​លោក Quique Setien បាន​ជ្រើសរើស​កីឡាករ​ធ្លាប់​លេង​ឲ្យ​ឈុត B របស់ Barcelona គឺ​ខ្សែ​បម្រើ Riqui Puig ចូល​លេង​នៅ​នាទី ៧១ ជំនួស Ivan Rakitic នៅ​ប្រកួត​ទល់ Granada កាល​ពី​យប់​មិញ។

នេះ​ជា​លើក​ដំបូង​សម្រាប់​យុវជន​វ័យ ២០ ឆ្នាំ​ក្នុង​ការ​ចូលរួម​ជាមួយ​ឈុត​ធំ ហើយ​ក្រោយ​គេ​ផ្លាស់​ចូល​បាន ៥ នាទី គ្រាប់​បាល់​សម្រេច​ដោយ​ថ្វី​ជើង​របស់ Lionel Messi ក៏​បាន​កើត​ឡើង​នៅ​នាទី ៧៦។

ថ្លែង​ប្រាប់ Barca TV យុវជន​លេង​តំបន់​បម្រើ​និយាយ​ថា៖ “បរិយាកាស​គឺ​ពិត​ជា​ខុស​គ្នា​ដាច់​បើ​ធៀប​នឹង​ខ្ញុំ​លេង​នៅ​ពាន​រង្វាន់​រង្វាន់ Gamper ដោយ​ខ្ញុំ​ពិត​ជា​ចង់​អរគុណ​ទៅ​កាន់ Setien ដែល​លោក​បាន​ផ្តល់​ឱកាស​សម្រាប់​ខ្ញុំ”។

យុវជន​រូប​នេះ​បន្ត​ថា៖ “យើង​ស្ថិត​ក្នុង​ពេលវេលា​ដ៏​តានតឹង​ទល់ Granada ហើយ​ពេល Setien ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ចូលរួម​ការ​ប្រកួត ខ្ញុំ​ក៏​មាន​ឱកាស​ទទួល​បាន​បាល់​ខ្លះ ហើយ​ Messi ក៏​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ”។

“ខ្ញុំ​នឹង​នៅ​តែ​បន្ត​ខិតខំ​ដើម្បី​ទទួល​បាន​ឱកាស​នេះ​ថែម​ទៀត ហើយ​ប្រសិន​ខ្ញុំ​ធ្លាក់​ឈ្មោះ​ទៅ​ឈុត B វិញ ក៏​ខ្ញុំ​នឹង​ខំ​ប្រឹង​ដើម្បី​ឲ្យ Setien មើល​ឃើញ​ហើយ​ហៅ​ខ្ញុំ​មក​លេង​ឈុត​ធំ​ទៀត​ដែរ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT