Jürgen Klinsmann បេក្ខភាពជួរមុខ ត្រៀមជំនួសកៅអីគ្រូបង្វឹកបច្ចុប្បន្នរបស់ជម្រើសជាតិជប៉ុន

ក្រុមជម្រើសជាតិបាល់ទាត់ (សាម៊ូរ៉ៃ) ជប៉ុន បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្ងៃទី ២ ខែកក្កដាកន្លងទៅ ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Akira Nishino ។

របាយការណ៍ពីទីក្រុងតូក្យូបានបង្ហើបថា លោក Jürgen Klinsmann បានក្លាយជាបេក្ខភាពជួរមុខមួយរូប ដែលអាចនឹងក្លាយជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិជប៉ុនជាបន្តទៅមុខទៀត ។

សូមបញ្ជាក់ថា លោក Akira Nishino ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ជប៉ុន ត្រឹមព្រឹត្តិការណ៍ World Cup បញ្ចប់ប៉ុណ្ណោះ ហើយបើតាមប្រភពពីសារព័ត៌មានក្នុងស្រុកបានបង្ហាញថា លោកនឹងចុះចេញពីតួនាទី ក្នុងពេលប៉ុន្មានថ្ងៃទៀត ។

ប្រភពដដែលបន្តថា គម្រោងនៃការអញ្ជើញលោក Jürgen Klinsmann មកដឹកនាំ សហព័ន្ធកីឡាបាល់ទាត់ជប៉ុន ត្រៀមកញ្ចប់ទឹកប្រាក់ ២លានអឺរ៉ូ ស្មើនឹងជាង២លានដុល្លារក្នុងមួយឆ្នាំ ឲ្យទៅគាត់ ដោយពួកគេកំពុងតែដុតដៃដុតជើងធ្វើរឿងនេះឲ្យសម្រេចក្នុងរយៈពេលលឿនបំផុត ដោយហេតុថា ជប៉ុន ត្រូវមានបេសកកម្មធំមួយទៀត គឺចូលរួមពានរង្វាន់ AFC Asian Cup 2019 នៅខែមករា ឆ្នាំក្រោយនេះ ។

គួរឲ្យដឹងថា អតីតភាពរបស់លោក Jürgen Klinsmann គឺធ្លាប់ជួយឲ្យអាល្លឺម៉ង់ឈ្នះពាន World Cup ឆ្នាំ ១៩៩០ ក្នុងពេលលោកជាកីឡាករ និងធ្លាប់ដឹកនាំជម្រើសជាតិអាល្លឺម៉ង់ទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០០៦ ផងដែរ ។ នៅឆ្នាំ ២០១៤ អំឡុងពេលជាគ្រូជម្រើសជាតិអាមេរិក លោកក៏បានដឹកនាំក្រុមដល់វគ្គ ១៦ក្រុមចុងក្រោយថែមទៀតផង ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT