ឆ្លើយតបនឹងចចាមអារ៉ាមដែលល្ហិចល្ហៀងថា Arsenal ចង់បានយុវជន Frank Kessie ចេញពីទឹកដីអ៊ីតាលី ទីបំផុតក្លឹប AC Milan បានដាក់តម្លៃមកហើយ ដោយកំណត់ថ្លៃខ្លួនកីឡាករវ័យ ២៣ ឆ្នាំរូបនេះប្រមាណ ២១ លានផោនឬ ២៥ លានអឺរ៉ូយ៉ាងទាបបំផុត។
តាមរបាយការណ៍ពី Sky Sport Italia បានឲ្យដឹងថាកាំភ្លើងធំចង់ចរចាយកខ្សែបម្រើ AC រូបនេះ នារដូវរងាខែ មករា ដើម្បីពង្រឹងប្រព័ន្ធលេងរបស់ខ្លួន។ ១៦ ប្រកួតនៅលីគ Serie A កីឡាករសញ្ជាតិកូឌីវ័ររកបាន ១ គ្រាប់ឲ្យក្រុមរបស់ខ្លួន។
រំឭកថា Arsenal កំពុងដុនដាបខ្លាំងនៅក្របខ័ណ្ឌ Premier League ដោយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១០ មាន ២៨ ពិន្ទុប៉ុណ្ណោះ។ នាថ្ងៃសោរ៍នេះក្លឹបត្រូវជួប Sheff Utd ដែលជាជំនួបជុំទី ២៣៕ ប្រភព៖ Metro