ប្រធាន​ក្រុម​ស៊ុយអែត សុខ​ចិត្ត​មិន​ទៅ​មើល​ប្រពន្ធ​ឆ្លង​ទន្លេ ​ដោយសារ​ជាប់​លេង World Cup

Andreas Granqvist  ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ស៊ុយអែត  បាន​បញ្ជាក់​ថា​ប្រពន្ធ​របស់​ខ្លួន​រឹងមាំ​និង​យល់​ច្បាស់​ពី​ការងារ​របស់​ខ្លួន​ធ្វើ​ដើម្បី​ជាតិ។ ដូច្នេះ ​នាង​អាច​បង្កើត​កូន​ដ៏​ល្អ​មួយ​ឱ្យ​គេ​បាន ​បើ​ទោះ​ជា​គេ​មិន​បាន​នៅ​ជាមួយ​ក៏​ដោយ។

ប្រពន្ធ​របស់ Andreas ​ឆ្លង​ទន្លេ​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ ​ដោយ​មិន​មាន​វត្តមាន​របស់​ស្វាមី​នៅ​ជាមួយ​ឡើយ។ ​យ៉ាងណាមិញ ​កីឡាករ​ខាង​លើ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​សោកស្ដាយ​ដែល​មិន​បាន​នៅ​ជាមួយ​ប្រពន្ធ​គ្រា​ដែល​នាង​ឆ្លង​ទន្លេ​ឡើយ ​ព្រោះ​សូម្បី​តែ​នាង​ផ្ទាល់​ក៏​យល់​ពី​អ្វី​ដែល​កីឡាករ​អាជីព​ដូច​ជា​លោក​ត្រូវ​ធ្វើ​ឱ្យ​ជម្រើស​ជាតិ​របស់​ខ្លួន​ដែរ។

“ខ្ញុំ​បាន​សម្រេច​ចិត្ត​នៅ​ទី​នេះ ដើម្បី​ស៊ុយអែត។ ប្រពន្ធ​របស់​ខ្ញុំ​គាត់​ជា​មនុស្ស​រឹងមាំ ​ហើយ​យើង​បាន​ដឹង​ពី​គ្នា​ច្បាស់ ​និង​និយាយ​គ្នា​តាំង​ពី​ខ្ញុំ​សម្រេច​ចិត្ត​មក​លេង World Cup ​នេះ​ម្ល៉េះ។ ដូច្នេះ​គ្មាន​អ្វី​កើត​ឡើង​ឡើយ។ ​ខ្ញុំ​មិន​អាច​អវត្តមាន​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ប៉ះ​ជាមួយ​អង់គ្លេស​ដាច់​ខាត”។ សម្ដី​របស់​កីឡាករ​វ័យ​៣៣​ឆ្នាំ​ខាង​លើ។

ស៊ុយអែត ​គ្មាន​កីឡាករ​ល្បី​ឈ្មោះ​លេង​នៅ​ក្លឹប​ធំ​ៗ​ដូច​ក្រុម​ដទៃ​ច្រើន​ទេ ប៉ុន្តែ​ពួកគេ​លេង​សហការ​គ្នា​បាន​យ៉ាង​ល្អ ​ហើយ​សឹង​តែ​គ្មាន​នរណា​ជឿ​ថា​ពួកគេ​អាច​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​បាន​ទេ។ យ៉ាងណាមិញ ​ពួកគេ​បាន​ធ្វើ​ការងារ​នេះ​សម្រេច​ហើយ ​នៅ​ឡើយ​ប៉ះ​អង់គ្លេស​ទៀត ​ថា​តើ​អាច​ឈាន​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ឬ​អត់? ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT