ក្រុម U23 ​ថៃ ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ AFC U23 Championship ​ហើយ​

​ក្រុម​បាល់ទាត់​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​ជម្រើស​ជាតិ​ថៃ ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ ​ក្រោយ​ពី​លេង​ស្មើ​ក្រុម​អ៊ីរ៉ាក់ ១-១ ​កាល​ពី​យប់មិញ​នេះ​។

​ក្រុម​ថៃ ​ជា​ម្ចាស់​នៃ​ការ​ប្រកួត​ពាន​រង្វាន់​នេះ។ ពួកគេ​បាន​បង្ហាញ​ទម្រង់​លេង​ប្លែក​និង​ល្អ​ខ្លាំង​មែនទែន ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​គ្រូ​ជប៉ុន Nishino ​។ ​ដោយ​បើក​ឆាក​ក្រុម​ថៃ ​បាន​យក​ឈ្នះ​លើ​បារ៉ែន​ដល់​ទៅ ៥-០ ​ដែល​ជា​ជ័យជម្នះ​ធំ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​បាល់ទាត់​ថៃ​នៃ​ព្រឹត្តិការណ៍​នេះ​តែ​ម្ដង។ ​ដោយ​ឡែក​ប្រកួត​ទី​២​វិញ ​ពួកគេ​ចាញ់​ក្រុម​ខ្លាំង​អូស្ត្រាលី ​ក្នុង​លទ្ធផល ២-១ ​និង​ប្រកួត​ចុង​ក្រោយ​យប់មិញ ​ស្មើ​ក្រុម​អ៊ីរ៉ាក់ ១-១។ ​លទ្ធផល​នេះ ​ក្រុម​ថៃ​ស្ថិត​នៅ​លេខ​២​ក្នុង​ពូល ​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដូច​ក្ដី​ប្រាថ្នា​ហើយ។

លោក Nishino ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថៃ ​បាន​បញ្ជាក់​ថា​ដំបូង​លោក​ចង់​ឈ្នះ​ការ​ប្រកួត​នេះ ប៉ុន្តែ​បាន​លទ្ធផល​ស្មើ​ក៏​អាច​ទទួល​យក​បាន​ដែរ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ដ​បាន។ ​លោក​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា ​ក្រុម U23 ​ថៃ ​នឹង​អាច​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​ហើយ​ទទួល​បាន​កៅអី​ទៅ​លេង​នៅ អូឡាំពិក​ឆ្នាំ ២០២០ ​នៅ​ប្រទេស​ជប៉ុន​បាន៕ប្រភព៖ Siamsport


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT