ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នឹងត្រូវប៉ះជាមួយក្រុមអ៊ុយរុយហ្គាយ នាវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។
ក្រុមអ៊ុយរុយហ្គាយ បច្ចុប្បន្នកំពុងមានបញ្ហាកីឡាកររបួស គឺ Cavani ដែលជាខ្សែប្រយុទ្ធសំខាន់ក្នុងក្រុម។ រូបគេរបួស អំឡុងពេលលេងជាមួយព័រទុយហ្គាល់ ដែលជាការប្រកួតរូបគេរកបាន២គ្រាប់ម្នាក់ឯង យកជ័យជម្នះ។ និយាយពីរបួសនោះ បានធ្វើឱ្យខ្សែប្រយុទ្ធក្លឹប PSG រូបនេះ កំពុងស្ថិតក្នុងមន្ទិលថាអាចលេងបានឬអត់ ព្រោះរូបគេជាកម្លាំងសំខាន់ណាស់សម្រាប់ក្រុមអ៊ុយរុយហ្គាយ។
ចំពោះរឿងកីឡាកររបួសនេះដែរ Matuidi ខ្សែបម្រើរបស់ក្រុមបារាំង ដឹងច្បាស់ថានឹងធ្វើឱ្យអ៊ុយរុយហ្គាយ បាត់បង់ភាពខ្លាំងរបស់ខ្លួន បើ Cavani ពិតជាមិនបានលេងមែននោះ។ “ខ្ញុំធ្លាប់លេងជាមួយ Cavani នៅ PSG ។ ខ្ញុំដឹងពីគាត់ច្បាស់ ថាគាត់ជាកីឡាករល្អម្នាក់ ប្រសិនបើអ៊ុយរុយហ្គាយ លេងដោយមិនមានគាត់មែន នោះពួកគេនឹងជួបផលវិបាកក្នុងការរកគ្រាប់បាល់”។
អ្នកគាំទ្រអ៊ុយរុយហ្គាយ ទាំងអស់កំពុងតែបន់ឱ្យ Cavani ឆាប់ជានិងអាចចូលលេងវិញបាន ព្រោះថាបើពឹងតែលើ Suarez ម្នាក់ឯងនាពេលបច្ចុប្បន្ននេះ គឺពិតជាពិបាកក្នុងការរកគ្រាប់បាល់ខ្លាំងណាស់៕ប្រភព៖ DailyMail