ក្រុម U23 វៀតណាម លេងក្នុងពានរង្វាន់ AFC U23 Championship បាន២ប្រកួតមកហើយ ដោយក្នុងនោះពួកគេស្មើទាំងពីរប្រកួតតែម្ដងទល់ក្រុមអារ៉ាប់រួម និងហ្សកដានី។
ក្រុមវៀតណាមស្ថិតនៅពូល D ជាមួយក្រុមអារ៉ាប់រួម ហ្សកដានី និងកូរ៉េខាងជើង។ ២ប្រកួតរបស់ក្រុមវៀតណាមកន្លងទៅនេះ ស្មើ០-០ ទាំងប៉ះក្រុមអារ៉ាប់រួម និងហ្សកដានី។ កត្តាមិនមានគ្រាប់បាល់នេះហើយ ធ្វើឱ្យអ្នកគាំទ្រមើលឃើញថាវៀតណាម លេងចតឡានក្រុងបានល្អមែនទែន នាការប្រកួតនេះ។ នៅប្រកួតចុងក្រោយ ពួកគេប៉ះក្រុមកូរ៉េខាងជើង ប្រសិនបើអាចឈ្នះ នោះនឹងមានឱកាសបានឡើងជុំបន្ដហើយ។
លោក Park Hang-seo គ្រូបង្វឹកក្រុម U23 វៀតណាម បាននិយាយថាក្រុមរបស់លោកស្ថិតក្នុងពូលពិបាកមួយ។ ការប្រកួតរវាងក្រុមវៀតណាម នឹង២ក្រុមខាងលើទៀតដែលស្មើគ្នានោះ បានបញ្ជាក់ឱ្យឃើញថាវាជាការប្រកួតស្វិតស្វាញខ្លាំងបំផុតក្នុងព្រឹត្តិការណ៍នេះ។ វៀតណាម នឹងផ្ដោតលើការប្រកួតចុងក្រោយ ដើម្បីស្វែងរកជ័យជម្នះ។ លោកជឿជាក់ថា វៀតណាមនឹងធ្វើបានហើយឡើងវគ្គបន្ដមិនខាន៕ប្រភព៖ Vnexpress