ប្រធានក្លឹប Juventus បានចេញមុខថាពិតជាចាប់អារម្មណ៍ទៅលើការទិញយក Cristiano Ronaldo មកលេងនៅអ៊ីតាលីមែន ក្រោយពីក្លឹប Real Madrid បានទម្លាក់តម្លៃខ្លួនខ្សែប្រយុទ្ធរូបនេះ។
២ថ្ងៃមកនេះ មានដំណឹងជាច្រើនបានចុះផ្សាយទាក់ទងទៅនឹងក្លឹប Juventus ចាប់អារម្មណ៍ទិញយក Ronaldo ក្នុងតម្លៃខ្លួន១០០លានអឺរ៉ូកុងត្រារយៈពេល៥ឆ្នាំ។ ជាមួយកុងត្រានោះ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំនឹងទទួលបាន៣០លានអឺរ៉ូឯណោះ ក្នុង១ឆ្នាំទៅលើប្រាក់តម្លៃខ្លួនរបស់គេ។ ខណៈដែលប្រភពខ្លះទៀតបានបញ្ជាក់លើសនេះទៀតថា ក្លឹប Real Madrid បានយល់ព្រមចំពោះតម្លៃខ្លួននេះហើយ។
ទាក់ទិនចំពោះរឿងទិញដូរកីឡាករនេះដែរ លោក Marotta ប្រធានក្លឹប Juventus បានចេញមុខមកនិយាយដែរថា លោកមិនចង់ប្រាប់អ្វីច្រើននៅពេលនេះទេ ប៉ុន្តែក៏មិនបដិសេធចំពោះរឿងទិញកីឡាករខាងលើដែរ។ ជាធម្មតា សមត្ថភាពដូច Ronaldo មិនខ្វះទេ ក្លឹបដែលចង់បានរូបគេ ប្រសិនបើអាចទិញយកបាននោះ។
សូមបញ្ជាក់ថា Cristiano Ronaldo នៅសល់កុងត្រាជាមួយក្លឹប Real Madrid ដល់ឆ្នាំ២០២១។ ស្របពេលដែលរយៈពេលនេះ គឺតម្លៃផ្ដាច់កុងត្រារបស់គេ មាន៨៨៦លានផោន។ យ៉ាងណាមិញ ក្លឹបអាចនឹងបញ្ចុះតម្លៃផ្ដាច់កុងត្រានេះខ្លាំង ដោយមានសាមីខ្លួនក៏បង្ហើបការចង់ចាកចេញដែរនោះ៕ប្រភព៖ DailyMail