មាន​ទៅ​ណា​រួច ស្ងាត់ៗ PSG ចង​ជើង​កីឡាករ​ខ្លួន​មួយ​រូប​ថែម ៤ ឆ្នាំ​កន្លះ​ទៀត​បាត់

ក្លឹប Paris Saint-Germain បាន​ប្រកាស​ជា​ផ្លូវការ​នៅ​កិច្ច​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល ៤ ឆ្នាំ​កន្លះ​ជាមួយ​នឹង​ខ្សែ​ការពារ Marquinhos (បន្ថែម ២ ឆ្នាំ​លើ​កុងត្រា​ចាស់) ពោល​គឺ​ត្រូវ​ឈរ​ជើង​ឲ្យ​ក្លឹប​ដល់​ឆ្នាំ ២០២៤។

Marquinhos គឺ​ជា​បេក្ខភាព​ដ៏​សំខាន់​មួយ​រូប​នៅ​ប្រព័ន្ធ​ការពារ​ក្រោយ​ជាមួយ​នឹង Thiago Silva ដែល​ជា​ទូទៅ​ក្លឹប​ហាក់​ពេញ​ចិត្ត​កីឡាករ​ពីរ​រូប​នេះ​ខ្លាំង​បំផុត។ រូប​គេ​បាន​ផ្លាស់​ចេញ​ពី Roma នៅ​ខែ​តុលា ឆ្នាំ ២០១៣ ដោយ​ឆ្លង​កាត់​អស់​ជា​ច្រើន​ឆ្នាំ ក៏​បាន​ជួយ​ឲ្យ PSG លើក​ពាន Ligue 1 ៤ លើក​ផង​ដែរ។

Marquinhos បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​យ៉ាង​ដូច្នោះ​ថា៖ “ទាំង​ប្រជាជន​នៅ​ទីក្រុង​ប៉ារីស​និង​ក្លឹប PSG ទាំង​មូល​គឺ​ពិត​ជា​ចង់​ឲ្យ​ខ្ញុំ​បន្ត​នៅ​ទី​នេះ និង​បន្ត​កុងត្រា​របស់​ខ្ញុំ ហើយ​វា​ក៏​នៅ​តែ​ជា​មហិច្ឆតា​របស់​ក្លឹប​ដែល​ចង់​បង្កើត​ប្រវត្តិសាស្រ្ត​ដ៏​អស្ចារ្យ​ជា​ច្រើន​បន្ថែម”។

“ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​នៅ​ផ្ទះ​របស់​ខ្លួន​ឯង​អ៊ីចឹង ដោយ​ទទួល​បាន​គ្រប់​យ៉ាង​ទាំង​អស់ បែប​នេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​លឿន​អ៊ីចឹង”៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT